«ពីការរួមគ្នាកសាងសន្តិភាពទៅជាការគំរាមកំហែង» ដូចទៅនឹងអ្វីដែលពិភពលោកបានយល់ដឹងកាលពីជាង៨០ឆ្នាំមុនថា ក្នុងនាមជាស្ថាបនិក ជាទីតាំងដែលអង្គការសហប្រជាជាតិតាំងនៅបានជំរុញលើកទឹកចិត្តដល់គោលនយោបាយអន្តរជាតិរបស់សហរដ្ឋអាមេរិកមានតួនាទីសំខាន់លើទិសដៅនៃស្ថានការណ៍ពិភពលោក។ ប៉ុន្តែក្នុងពេលដែលអង្គការសហប្រជាជាតិចូលដល់វ័យ៨០ឆ្នាំ និន្នាការបោះបង់ចោល ទស្សនៈវាយប្រហារ គំនិតសម្លាប់ស្ថាប័នអន្តរជាតិធំតែមួយគត់ដែលធានាដល់សណ្តាប់ធ្នាប់ពិភពលោកត្រូវបានអាមេរិកបង្ហាញសញ្ញាយ៉ាងប្រត្យក្ស ក្នុងពេលដែលអាមេរិកខ្លួនឯងអះអាងថាជាប្រទេសគាំពារប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសន្តិភាព។ ជាតថភាព ពិភពលោកបានយល់យ៉ាងច្បាស់ពីទង្វើជាក់ស្តែងនៃគោលនយោបាយរបស់អាមេរិកដែលបាននិងកំពុងបង្កការបំផ្លាញដល់សណ្តាប់ធ្នាប់អន្តរជាតិ និងធ្វើឲ្យស្ថានភាពសន្តិភាពពិភពលោកកាន់តែរងគ្រោះ។
«ពីក្រសួងការពារជាតិទៅជាក្រសួងសង្គ្រាម» ជាការផ្លាស់ប្តូរ ឬជានិន្នាការដែលបានឆ្លុះបញ្ចាំងតាមរយៈក្រឹត្យចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ របស់ប្រធានាធិបតីអាមេរិកនៅក្នុងការបង្ហាញថា អាមេរិកជាញឹកញាប់ប្រើកម្លាំងយោធាដោយមិនខ្លាចញញើត មិនផ្តល់តម្លៃ និងមិនគោរពទាល់តែសោះឡើយនូវគោលការណ៍ពហុភាគីនិយម និងច្បាប់អន្តរជាតិ ដែលជាលទ្ធផលបានធ្វើឲ្យពិភពលោកទាំងមូលទទួលរងនូវការបំផ្លាញស្ថេរភាព ហើយតំបន់ជាច្រើនបាននិងកំពុងបន្តមុជជ្រៅទៅក្នុងអណ្តាតភ្លើងនៃសង្គ្រាម។ ក្រោមលេសថែរក្សាសន្តិភាព ការប្រយុទ្ធប្រឆាំងនឹងភេវរនិយមជាដើម បាននាំអាមេរិកបង្កសង្គ្រាម ឬការបង្កើនសម្ពាធយោធាលើប្រទេសដទៃដោយគ្មានការអនុញ្ញាត គ្មានការយល់ព្រមពីអង្គការសហប្រជាជាតិ ហើយជាលទ្ធផលទង្វើនេះបានបង្កការខូចខាតដល់អធិបតេយ្យភាពរបស់រដ្ឋ និងបំផ្លាញទំនុកចិត្តលើប្រព័ន្ធសន្តិសុខសកល។
«ពីសង្គ្រាមពន្ធគយដល់សង្គ្រាមប្រដាប់អាវុធ» ជាការតម្លើងសម្លេងរបស់អាមេរិកនៅលើឆាកអន្តរជាតិដោយយកប្រទេសទាំងអស់ជាសត្រូវរបស់ខ្លួន បង្ខំប្រទេសដទៃតាមរយៈការសម្លុតតម្លើងពន្ធគយ ការគម្រាមប្រើកម្លាំងទ័ព ការកាត់បន្ថយឬលុបបំបាត់ទាំងស្រុងនូវជំនួយមនុស្សធម៌ ការដកខ្លួនទាំងស្រុងពីស្ថាប័នអង្គការអន្តរជាតិក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ បានក្លាយជាគោលនយោបាយដាក់ទណ្ឌកម្មឯកភាគី និងក្លាយជាឧបករណ៍សម្ពាធនយោបាយនិងសេដ្ឋកិច្ច ដែលធ្វើឲ្យមនុស្សជាតិរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ទណ្ឌកម្មទាំងនេះមិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាជននៃប្រជាជាតិដទៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ផលវិជ្ជមានដល់សេដ្ឋកិច្ចរបស់អាមេរិក ព្រមទាំងបង្កការបែកបាក់ក្នុងប្រព័ន្ធសេដ្ឋកិច្ចពិភពលោក និងរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិផងដែរ។ ជាក់ស្តែង កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិកគម្រោងតម្លើងពន្ធ១០០%ប្រសិនបើកាណាដាចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន ហើយការគម្រោមនេះមិនត្រឹមតម្លើងពន្ធប៉ុណ្ណោះទេ អាមេរិកតាមរយៈប្រធានាធិបតីរបស់ខ្លួនគ្រោងនឹងវាយយកប្រទេសកាណាដាមកជារដ្ឋចំណុះឱ្យខ្លួនថែមទៀត។
«ពីអ្នកសាងសន្តិភាពទៅជាអ្នកបែងចែកក្រុមក្រោមលេសសន្តិភាព» ជាទស្សនវិស័យថ្មីដែលអាមេរិកបានដាក់ចេញដើម្បីសម្រេចបាននូវគោលនយោបាយបែងចែកជាពួក និងបង្កើតជាប្លុកប្រឆាំងដែលបាននិងកំពុងជំរុញឲ្យពិភពលោកធ្លាក់ចូលក្នុងទស្សនៈ «ជ្រើសខាង» ដែលបង្កើនភាពតានតឹង និងការខ្វះទំនុកចិត្តរវាងប្រទេសធំៗ និងប្រទេសកំពុងអភិវឌ្ឍ។ ទស្សនៈនេះបាននិងកំពុងបំផ្លាញស្មារតីនៃកិច្ចសហការពហុភាគី និងធ្វើឲ្យគោលការណ៍សមភាពរបស់ប្រទេសទាំងអស់នៅក្នុងសហគមន៍អន្តរជាតិកាន់តែខ្សោយ។ «ក្រុមប្រឹក្សាសន្តិភាព» ជាគោលគីឡូម៉ែត្រចេញដំណើរឆ្ពោះទៅបិទបញ្ចប់ទាំងស្រុងនូវប្រព័ន្ធសណ្តាប់ធ្នាប់អន្តរជាតិក្រោមយន្តការរយៈពេលជាង៨០ឆ្នាំរបស់អង្គការសហប្រជាជាតិ ដោយគ្រោងនឹងជំនួសមកវិញនូវគោលគំនិត«អធិរាជនិយម»ដែលមានអាមេរិកអត្ថិភាពជានិរន្តក្នុងនាមជាប្រធានស្ថាប័ន។
ជារួម គោលនយោបាយរបស់សហរដ្ឋអាមេរិកក្នុងពេលបច្ចុប្បន្នបាននិងកំពុងបង្ហាញថាអាមេរិកគឺជាប្រទេសដែលពឹងផ្អែកលើអំណាចយោធា និងគិតគូរផ្តោតលើអត្ថប្រយោជន៍ផ្ទាល់ខ្លួនជាចម្បង ជំនួសឲ្យការគោរពច្បាប់អន្តរជាតិ និងការពិភាក្សាដោយសន្តិវិធី ដែលនេះជាការគូសរំលេចយ៉ាងប្រត្យក្សថាអាមេរិកបានរួមចំណែកបំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិ និងរំខានដល់សន្តិភាពពិភពលោក។ ក្នុងបរិបទនេះ សហគមន៍អន្តរជាតិត្រូវការការគាំទ្រពហុភាគីនិយមពិតប្រាកដ ការគោរពអធិបតេយ្យភាព ការដោះស្រាយជម្លោះតាមផ្លូវសន្តិភាព ការរួមគ្នាកសាងសហគមន៍វាសនារួមនៃមនុស្សជាតិស្របតាមទិសដៅរួមរបស់មនុស្សជាតិក្នុងការថែរក្សាស្ថេរភាព និងសុខសន្តិភាពរួមរបស់មនុស្សជាតិទាំងមូល៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន


