បទ​អត្ថាធិប្បាយរបស់​កាសែត​ប្រជាជន​ចិន​៖គួរ​ប្រុង​ប្រយ័ត្នចំពោះ​ការ​ងើបឡើង​វិញ​នៃ​​យោធានិយម​ជប៉ុន

កាសែត​ប្រជាជន​ចិនបាន​ចេញផ្សាយបទ​អត្ថាធិប្បាយក្រោម​ចំណង​ជើងថា គួរ​ប្រុង​ប្រយ័ត្នចំពោះការ​ងើបឡើង​វិញ​នៃ​​យោធានិយម​ជប៉ុន​ ។

នា​ពេល​ថ្មីៗ​កន្លង​ទៅនេះ សារមន្ទីររំលឹកជនរួមជាតិដែលស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍សម្លាប់រង្គាលរបស់​កងទ័ពជប៉ុនដែលឈ្លានពានប្រទេសចិននៅក្រុង​ណានជីង​ បានបញ្ចេញ​​ឯកសារប្រវតិ្តសាស្ត្រ​និង​វត្ថុបុរាណ ដែល​ប្រមូល​បាន​នៅឆ្នាំ​២០២៥ ។ ក្នុង​លិខិតរបស់​​ទាហាន​ជប៉ុនដែលឈ្លានពានប្រទេសចិនបាន​សរសេរ​ជូន​ចំពោះ​ឪពុក បាន​ពិពណ៌នាអំពី​ហេតុការណ៍សម្លាប់រង្គាលនៅក្រុង ណានជីងដោ​យ​ទឹក​ចិត្ត​សប្បាយ​រីករាយ​ដូ​ច​ជា​ការ​លេង​ល្បែង​កម្សាន​  ប្រការ​នេះ​បាន​លាតត្រដាងនូវ​ភាពឃោរឃៅរបស់​យោធានិយម​ដែល​គ្មាន​មនុស្សធម៌ ។

នា​ពេល​ថ្មីៗកន្លង​ទៅនេះ​ បណ្ណសារអំពី​ការ​ទម្លាក់គ្រាប់បែកបរិមាណូនៅក្រុង​ Nagasaki របស់​ជប៉ុន​បាន​លើក​ឡើង​ផែនការ​ផ្លាស់ប្តូរ​ការ​មុខមាត់​នៃ​ឯកសារ​សម្រាប់​ដាក់តាំង​ ដោយ​​ចង់​កែប្រែ “​ហេតុការណ៍សម្លាប់រង្គាលនៅក្រុង ណានជីង”ដែល​មាន​ចារ​ក្នុង​ឯកសារប្រវតិ្តសាស្ត្រ​ ទៅជា “​ ហេតុការណ៍នៅក្រុង ណានជីង”   និង​​កែ​ប្រែពាក្យ​ “​ឈ្លានពាន” ទៅជា “ការចូល​ទៅកាន់​” ប្រ​កា​រនេះបាន​​រង​ការ​ប្រឆាំង​យ៉ាង​ដាច់ខាត​ពីសំណាក់​អ្នក​ក្រុង​​ Nagasaki មួយ​ចំនួន​ ។

ក្នុង​ឆ្នាំ​ដ៏ពិសេស​ដែល​ជា​ខួប​ទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ក្នុង​នាម​ជា​ប្រទេស​ចាញ់សង្រ្គាម ជប៉ុន​គួរ​គិតពិចារណាពីឧក្រិដ្ឋកម្ម​សង្គ្រាម​របស់​យោធា​និយម​ ។ ប៉ុន្តែ បុគ្គល​​និង​កម្លាំង​មួយ​ចំនួន​របស់​ជប៉ុន​បែរ​ជាខំប្រឹង​បិទបាំងនិង​បំភ្លៃឧក្រិដ្ឋ​កម្ម​ឈ្លានពាន  រហូត​ដល់ចង់​ឱ្យ​​យោធា​និយមងើប​ឡើង​វិញ​​ ។ ទង្វើ​ដ៏ខុស​ឆ្គង​បែប​នេះ បាន​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​​គំនិត​ឯកភាព​រួម​របស់​អន្តរជាតិ​និង​​សតិសម្បជញ្ញៈរបស់មនុស្សជាតិ ហើយ​បាន​បំផ្លា​ញ​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សន្តិភាពនិង​ស្ថិរភាព​ក្នុង​តំបន់​និង​ពិភពលោក​ទៀតផង ដែល​បាន​បង្កជា​ការ​សាកល្បង​​ដ៏តាន​តឹងចំពោះ​​សណ្តាប់ធ្នាប់​អន្តរជាតិ​បន្ទាប់​ពីសង្គ្រាម​លោក​លើក​ទីពីរ ។ បើ​សិន​ជា​ជប៉ុន​ធ្វើតាមតែទំនើងចិត្តរបស់ខ្លួន ធ្វើ​ខុស​ម្តង​ហើយ​ម្តង​ទៀត នោះ​ប្រទេស​និង​ប្រជាជន​ដែល​ផ្តួច​ផ្តើម​សច្ច​យុត្តិធម៌ទាំង​អស់​ សុទ្ធតែ​មាន​សិទ្ធិជម្រះបញ្ជីជាថ្មីម្តងទៀតចំពោះបទឧក្រិដ្ឋក្នុង​ប្រវត្តិសាស្ត្រ​របស់ជប៉ុន សុទ្ធតែ​មាន​ទំនួល​ខុសត្រូវ​រារាំង​យ៉ាង​ដាច់ខាត​មិន​ឱ្យ​យោធានិយម​ជប៉ុន​ងើប​ឡើង​វិញ ។ នេះជាខ្សែបន្ទាត់ក្រហមរួម​របស់​សហគមន៍អន្តរជាតិ​ដើម្បី​គាំពារ​សណ្តាប់ធ្នាប់​អន្តរជាតិ​បន្ទាប់ពីសង្គ្រាម​លោក​លើក​ទីពីរ ហើយ​ក៏ជា​ខ្សែបន្ទាត់ក្រហមជា​គោលការណ៍ ដែលថា​តើ​​ជប៉ុន​អាច​​អភិវឌ្ឍ​ដោយ​សន្តិភាព​ជា​បន្ត​ទៀត​ឬអត់ ៕

Written by 

Related posts

Leave a Comment