តាមសេចក្តីរាយការណ៍ពីមន្ត្រីជំនាញបានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង ០០:១៦ នាទីអាធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ។ ក្រុមការងារបានឃាត់ត្រួតពិនិត្យរថយន្ត១គ្រឿង ម៉ាក Hyundai ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 3G-2483 ជារបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ខូអិលធីឌី នៅត្រង់ចំណុចភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។
ប្រភពដដែលបញ្ជាក់ថា អ្នកបើកបរឈ្មោះ ស្លាម រំលី ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរឥស្លាម ជាបុគ្គលិករបស់ក្រុមហ៊ុនដឹកជញ្ជូនវរៈប៊ុនថាំ។ តាមរយៈការឆែកឆេរជាក់ស្តែង ក្រុមការងារបានរកឃើញឈើអារប្រភេទលេខ១ (ទ្វារសុក្រម) ចំនួន ៣០សន្លឹក ដែលត្រូវបានគេលួចបង្កប់ជាមួយនឹងអីវ៉ាន់បញ្ញើផ្សេងៗរបស់អតិថិជន។
អ្នកបើកបរឈ្មោះ ស្លាម រំលី បានសារភាពថា ខ្លួនពុំមានលិខិតអនុញ្ញាត (PC) នោះទេ ហើយការដឹកនេះគឺជាការលួចលាក់ធ្វើដោយខ្លួនឯង មិនឱ្យក្រុមហ៊ុនដឹងឡើយ។ ចំណែកឈ្នួលដឹក (មិនដែលស្គាល់មុខ ទាក់ទងតាមទូរស័ព្ទ)។ ដឹកចេញពីខេត្តមណ្ឌលគិរី ឆ្ពោះទៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងរាជធានីភ្នំពេញ ដោយទទួលបានកម្រៃពី ១,១ លាន ទៅ ១,៤ លានរៀល ក្នុងមួយជើង៕



