នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា ការដោះស្រាយជម្លោះណាមួយនៅអ៊ុយក្រែន គួរតែនាំឱ្យមានការលើកលែងទណ្ឌកម្មរបស់លោកខាងលិច និងការរឹតបន្តឹងផ្សេងទៀតប្រឆាំងនឹងរុស្ស៊ីដូចគ្នា។

លោកនាយករដ្ឋមន្ត្រី បានលើកឡើងថា សន្តិភាពនៅអ៊ុយក្រែន គួរតែមានការទម្លាក់ចោលទណ្ឌកម្មរុស្ស៊ី។ លោក ក៏បានសម្តែងក្តីសង្ឃឹមផងដែរថា ផែនការរបស់គណៈកម្មការអឺរ៉ុបក្នុងការបញ្ឈប់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នរបស់រុស្ស៊ីទៅកាន់អឺរ៉ុបជានៅឆ្នាំ ២០២៨ មិនត្រូវបានអនុវត្តឡើយ។
លោក Orban បានបន្ថែមថា ខ្ញុំសង្ឃឹមថានៅពេលនោះ សន្តិភាពនឹងត្រូវបានសម្រេច ហើយបញ្ហានេះនឹងលែងមាននៅក្នុងរបៀបវារៈទៀតហើយ។
លោក បានបញ្ជាក់ថា ប្រទេសហុងគ្រី នឹងដាក់ពាក្យបណ្តឹងទៅតុលាការសហភាពអឺរ៉ុប ប្រសិនបើគំនិតផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំសហភាពអឺរ៉ុបក្នុងការហាមឃាត់ការទិញធនធានថាមពលរបស់រុស្ស៊ីត្រូវបានអនុម័តដោយរដ្ឋសមាជិកភាគច្រើន។
ទីក្រុង Budapest អះអាងថា ទីក្រុងព្រុចសែល នឹងរំលោភច្បាប់សហភាពអឺរ៉ុបដោយស្វែងរកការអនុម័តការសម្រេចចិត្តបែបនេះដោយការបោះឆ្នោតសាមញ្ញមួយជាជាងការឯកភាពគ្នា ព្រោះវាពាក់ព័ន្ធនឹងគោលនយោបាយពាណិជ្ជកម្មជាជាងទណ្ឌកម្ម។
លោក Orban បានសង្កត់ធ្ងន់ថា ប្រសិនបើឧស្ម័ន និងប្រេងមិនហូរចេញពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសហុងគ្រីទេ វានឹងមានផលវិបាកសម្រាប់សេដ្ឋកិច្ចរបស់ប្រទេស។ លោក បន្តថា នេះជាបញ្ហាដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចហុងគ្រី និងប្រជាជាតិហុងគ្រីទាំងមូល៕

ដោយ៖ ពេជ្រ
