ខេត្តរតនគិរី÷ ផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែ មានប្រវែងជាង ៣០ គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាមខា ឃុំជ័យឧត្តម ស្រុកលំផាត់ ដែលជាគម្រោងជួសជុល និងថែទាំរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានរងការខូចខាតយ៉ាងខ្លាំង បន្ទាប់ពីជំនន់ទឹកភ្លៀងហូរឆ្លងកាត់ផ្លូវ បណ្តាលឲ្យដាច់ខូចខាតផ្លូវមួយចំហៀង ប្រវែងប្រមាណ ៣០ ម៉ែត្រ នៅចំណុចក្បែរលូរំដោះទឹកកណ្ដាលទទឹងផ្លូវ។

ការខូចខាតនេះ បានបង្កការលំបាកយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសប្រជាកសិករ ដែលកំពុងស្ថិតក្នុងរដូវប្រមូលផលដំឡូងមី និងត្រូវដឹកជញ្ជូនកសិផលទៅលក់នៅតាមបណ្ដាស្រុកក្នុងខេត្ត។
ស្ថានភាពផ្លូវខូចបានធ្វើឲ្យក្នុងការធ្វើដំណើរមានហានិភ័យខ្ពស់ ជាពិសេសអ្នកធ្វើដំណើរតាមម៉ូតូ នៅពេលយប់ព្រលប់ ដែលអាចបណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
លោក យ៉ាត ណាគ្រី មេឃុំជ័យឧត្តម បានឲ្យដឹងតាមទូរសព្ទនៅរសៀលថ្ងៃទី១៩ ខែមករា ថា លោកបានទទួលព័ត៌មានអំពីផ្លូវខូចនេះរួចហើយ និងបានថតរូបភាពផ្លូវដែលរងការខូចខាត ផ្ញើទៅឲ្យប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាមប្រព័ន្ធតេឡេក្រាម។ បន្ទាប់មក លោកបានឃើញមន្ត្រីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទ ចុះមកពិនិត្យស្ថានភាពផ្លូវមួយភ្លែត មុននឹងត្រឡប់ចេញទៅវិញ។

លោកមេឃុំបន្តថា រហូតមកដល់ពេលនេះ លោកនៅមិនទាន់ទទួលបានការឆ្លើយតបជាក់លាក់ពីប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ថាតើការជួសជុលផ្លូវខូចនេះ នឹងអនុវត្តនៅពេលណានោះឡើយ បន្ទាប់ពីបានផ្ញើរូបភាព និងសារជូនទៅរួច។
ជុំវិញបញ្ហានេះ លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី១៩ ខែមករា ដែរថា ដោយសារនៅចុងឆ្នាំ ការអនុវត្តគម្រោងមួយចំនួនបានលើកហួសផែនការរួចទៅហើយ។ លោកបានជួបពិភាក្សាជាមួយមន្ត្រីជំនាញ ដែលបានចុះពិនិត្យទីតាំង និងបានឃើញស្ថានភាពផ្លូវខូចពិតប្រាកដ ប៉ុន្តែបច្ចុប្បន្ន មន្ទីរបានដាក់បញ្ចូលបញ្ហានេះទៅក្នុងផែនការថែទាំ ហើយកំពុងរង់ចាំការសម្រេចពីថ្នាក់ដឹកនាំជាមុនសិន។

យ៉ាងណាមិញ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានលើកឡើងដោយក្តីព្រួយបារម្ភថា ផ្លូវខូចមានទំហំមិនធំទូលាយ ប៉ុន្តែមិនទាន់ឃើញមានការជួសជុល ឬសម្រួលបណ្ដោះអាសន្ន ដើម្បីជួយដល់ប្រជាកសិករដែលត្រូវដឹកកសិផលទៅទីផ្សារនោះឡើយ។ ប្រជាពលរដ្ឋខ្លះ ស្នើឲ្យអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ពិចារណាអនុវត្តវិធានការបន្ទាន់ ដើម្បីបង្ការហានិភ័យ និងការខាតបង់ជីវភាព មុនពេលមានគ្រោះថ្នាក់ធ្ងន់ធ្ងរណាមួយកើតឡើង។
បញ្ហាផ្លូវជីវភាពនេះ មិនត្រឹមតែជាបញ្ហាហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែជាកត្តាសំខាន់ពាក់ព័ន្ធនឹងសុវត្ថិភាព ការរស់នៅ និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋមូលដ្ឋាន ដែលទាមទារការយកចិត្តទុកដាក់ និងដំណោះស្រាយទាន់ពេលវេលា ពីគ្រប់ភាគីពាក់ព័ន្ធ៕


