កសិករនៅខេត្តរតនគិរី ចាប់ផ្ដើមប្រមូលផលដំណាំដំឡូងមីជាមួយនិងតម្លៃលក់ចេញ ៦៥០រៀលក្នុង១គីឡូក្រាម(ដំឡូងមីក្រៀម)

ខេត្តរតនគិរី÷ ប្រជាកសិករនៅខេត្តរតនគិរី បានចាប់ផ្តើមប្រមូលផលដំណាំដំឡូងមីក្រៀមនិងដំឡូងមីស្រស់ ចាប់ពីដើមខែមករា ឆ្នាំ២០២៦ តទៅ ដើម្បីយកទៅលក់ឲ្យឈ្មួញក្នុងតម្លៃជាង៦៥០រៀល ក្នុង១គីឡូក្រាម។

ដំណាំដំឡូងមីនៅប្រទេសកម្ពុជា ជាដំណាំមានសារៈសំខាន់បន្ទាប់ពីដំណាំស្រូវនិងដំណាំឧស្សាហកម្មផ្សេងទៀត ដំណាំដំឡូងមីត្រូវបានដាំដុះយ៉ាងទូលំទូលាយនៅតាមបណ្ដាខេត្តមួយចំនួន ដែលជាទូទៅប្រជាកសិករនិយមដាំដើម្បីយកមើម ពីព្រោះដំណាំប្រភេទនេះវាងាយស្រួលដាំ និងមានភាពធន់ទ្រាំទៅនិងភាពរាំងស្ងួត។

លោកស្រី ម៉ែត ស្រីណា ប្រជាកសិករនៅភូមិសឹក ឃុំតាអង ស្រុកកូនមុំ បានរៀបរាប់ទាំងទឹកមុខញញឹមរីករាយថា ខណៈលោកស្រីដាំដំឡូងមីមានផ្ទៃដីចំនួន២ហិកតា ដីដែលលោកស្រីដាំដំឡូងមីនេះ បានជួលគេ ២ហិកតា ដោយក្នុង១ហិកតាគេយកតម្លៃ ១លានរៀល (ស្មើនិង២លានរៀល) ចាប់ផ្តើមដាំដំឡូងមី និងរាស់ដីព្រមទាំងប្រមូលផល លោកស្រីបានជួលគេធ្វើទាំងអស់ ប៉ុន្តែក្នុងនោះនៅសល់ថវិកាបានតិចទួចខ្លាំងណាស់ ដើម្បីសម្រាប់ផ្គត់ផ្គង់និងជីវភាពគ្រួសារ ដោយគ្មានមុខរបរធ្វើ។

លោកស្រីបានបន្តទៀតថា ដំឡើងមីចាប់ផ្ដើមដកយកមើមវាមកកាប់ហាលឲ្យស្ងួតរយៈពេល៧ ទៅ ៨ថ្ងៃ ទើបបានប្រមូលច្រកដាក់ក្នុងបេ ដឹកជញ្ជូនយកទៅលក់ឲ្យឈ្មួញទៅដល់ទីតាំងដេប៉ូក្នុងតម្លៃ ៦៥០រៀលក្នុង១គីឡូក្រាម(ដំឡូងមីក្រៀម)ប៉ុន្តែដំឡើងមីស្រស់វិញលោកស្រីមិនដែលបានលក់នោះទេ។

លោកស្រីបានបញ្ជាក់បន្ថែមថា នៅឆ្នាំនេះដោយសារមើមដំឡូងមីតូចៗ ខណៈអាកាសធាតុបានប្រែប្រួល មេឃធ្លាក់ភ្លៀងជោគជាំរាល់ថ្ងៃ ក្នុង១ហិកតាប្រហែលមិនបាន ១០តោននោះទេ។កាលពីឆ្នាំកន្លងទៅ (២០២៤) ក្នុង១ហិកតា ដាំបាន ១០តោន មើមដំឡូងមីធំៗល្អ ប៉ុន្តែតម្លៃទាបក្នុង១គីឡូក្រាមជាង៤០០រៀល(ដំឡូងមីក្រៀម)។កាលពីឆ្នាំទៅមិនមានភ្លៀងធ្លាក់ជោគជាំនោះទេ ហើយឆ្នាំនេះលោកស្រីសង្ឃឹមថា ប្រមូលផលបានប្រហែលពី ៧តោន ទៅ ៨តោនប៉ុណ្ណោះ។

លោក សែម រឿន ប្រធានការិយាល័យ កេ្សត្រសាស្ត្រ និងផលិតភាពនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តរតនគីរី បានបញ្ជាក់ថា ផ្ទៃដីដាំដំណាំដំឡូងមីមានចំនួន ១៩, ៥៤២ហិកតា, ផ្ទៃដីប្រមូលផលបាន មានចំនួន ១៩, ០៤២ហិកតា, ក្នុងនោះខូចខាតដំណាំដោយសារជំនន់ទឹកភ្លៀងអស់ចំនួន ៥០០ហិកតា។

លោកបន្តថាឆ្នាំមុន(២០២៤)មានផ្ទៃដីចំនួន ១៨, ៣០៨ហិកតា, បរិមាណផល ៣៩៧, ៥៩៩តោន/ ហើយតម្លៃដំឡូងស្រស់ ៣១០រៀលទៅ៣៣០រៀល ក្នុង១គីឡូក្រាមដឹកដល់រោងចក្រ កាត់២០ទៅ២៥% អាស្រ័យលើគុណភាព! រីឯដំឡូងមីក្រៀមតម្លៃ ៦៥០ ទៅ ៦៦០រៀលក្នុង១គីឡូក្រាម។បើគិតមកដល់ពេលនេះប្រមូលផលបានប្រមាណជា ២០% នៃផ្ទៃដីប្រមូលផល៕

Written by 

Related posts

Leave a Comment