បន្ទាប់ពីស្ថានការណ៍តានតឹង និងការដាក់សម្ពាធពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ពេលនេះរដ្ឋាភិបាលដាណឺម៉ាក កំពុងបញ្ជូនកងទ័ពមួយចំនួនធំ ទៅកាន់កោះ Kangerlussuaq នៅភាគខាងលិចនៃកោះហ្គ្រីនឡែន។

លោក Peter H. Boysen មេបញ្ជាការកងទ័ពដាណឺម៉ាក ក៏ត្រូវបានគេរំពឹងថា នឹងទៅដល់កោះហ្គ្រីនឡែនផងដែរ។ យោងតាមមន្ត្រីជាន់ខ្ពស់ដាណឺម៉ាក ការដាក់ពង្រាយកងទ័ពទាំងនេះនឹងធ្វើឡើងជាផ្នែកមួយនៃការកសាងកម្លាំងយោធារបស់ប្រទេសដាណឺម៉ាកនៅលើកោះនេះ។
ទន្ទឹមនោះ លោក Soren Andersen មេបញ្ជាការនៃបញ្ជាការរួមអាកទិករបស់ប្រទេសដាណឺម៉ាកនៅហ្គ្រីនឡែន បាននិយាយថា កងទ័ពដាណឺម៉ាកប្រហែល ១០០ នាក់ បានទៅដល់រដ្ឋធានី Nuuk របស់កោះហ្គ្រីនឡែនរួចហើយ និងមួយចំនួនទៀតនៅ Kangerlussuaq។ ពួកគេនឹងចូលរួមក្នុងសមយុទ្ធ Arctic Endurance។
នៅថ្ងៃទី ១៤ ខែមករា រដ្ឋាភិបាលហ្គ្រីនឡែន និងក្រសួងការពារជាតិដាណឺម៉ាក បានប្រកាសពីការសម្រេចចិត្តក្នុងការបន្តសមយុទ្ធយោធារបស់ដាណឺម៉ាក នៅហ្គ្រីនឡែន ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តណាតូ ចំពេលមានភាពតានតឹងខាងភូមិសាស្ត្រនយោបាយនៅតំបន់អាកទិក។ ប្រទេសស៊ុយអែត ន័រវេស អាល្លឺម៉ង់ បារាំង ចក្រភពអង់គ្លេស ហ្វាំងឡង់ និងហូឡង់ សុទ្ធតែបានប្រកាសពីចេតនាក្នុងការបញ្ជូនកងទ័ពទៅចូលរួម៕


ដោយ៖ ពេជ្រ
