សហព័ន្ធកីឡាបាល់ទាត់ពិភពលោក ដែលហៅកាត់ថា FIFA បាននិយាយកាលពីថ្ងៃពុធថា សំបុត្រចូលទស្សនាព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ផ្នែកបុរសនាឆ្នាំក្រោយនេះ គឺមានតម្លៃបឋមចន្លោះចាប់ពី ៦០ដុល្លារនៃការប្រកួតសន្សំពិន្ទុតាមពូល និងឈានដល់ ៦,៧៣០ដុល្លារ សម្រាប់វគ្គផ្តាច់ព្រ័ត្រ ខណៈតម្លៃសំបុត្រ អាចមានការប្រែប្រួលតិចតួចប៉ុណ្ណោះ រហូតដល់ថ្ងៃប្រកួតផ្លូវការ។
ទោះបែបនេះក្ដីជាការកត់សម្គាល់ តម្លៃសំបុត្រតែងតែមានការកើនឡើងជាដរាប ពោលគឺមានតម្លៃចន្លោះពី ២៥-៤៧៥ដុល្លារកាល World Cup 1994 ដែលមានអាមេរិកធ្វើម្ចាស់ផ្ទះដែរ និង ៦៩-១,៦០៧ដុល្លារ នាអំឡុង World Cup 2022 នៅប្រទេសកាតា។ មហាព្រឹត្តិការណ៍ World Cup 2026 ជំនាន់ទី២៣ នឹងចាប់ផ្តើមប្រកួតផ្លូវការចាប់ពីថ្ងៃទី១១ ខែមិថុនា និងបញ្ចប់ទៅវិញនាថ្ងៃទី១៩ ខែកក្កដា នៅ ៣ប្រទេសផ្សេងគ្នា ពោលគឺនៅសហរដ្ឋអាមេរិក ១១កីឡដ្ឋាន មិចស៊ិក ៣កីឡដ្ឋាន និងកាណាដា ២កីឡដ្ឋាន។
សូមជម្រាបថា ការប្រកួត World Cup 2026 ត្រូវបាន FIFA សម្រេចបន្ថែមក្រុមពី ៣២ក្រុម (ប្រទេស) កើនដល់ ៤៨ក្រុមជាលើកដំបូង ពីចំនួនប្រកួត ៦៤កើនដល់ ១០៤ប្រកួតសរុបផងដែរ៕
