អាជ្ញាធរក្នុងតំបន់ បានឲ្យដឹង កាលពីថ្ងៃពុធថា មនុស្សយ៉ាងហោចណាស់ ៦០ នាក់ស្លាប់ និងរាប់សិបនាក់ត្រូវបានជួយសង្គ្រោះ ក្នុងឧបទ្ទវហេតុលិចទូកមួយគ្រឿង ក្នុងរដ្ឋ Niger ភាគខាងជើង នៃប្រទេសនីហ្សេរីយ៉ា។

លោក Abdullahi Baba Ara អភិបាលក្នុងតំបន់ បាននិយាយថា ចំនួនអ្នកស្លាប់ក្នុងឧបទ្ទវហេតុទូកឡើងដល់ ៦០ នាក់ ហើយអាចបន្តកើនឡើង ដោយបន្ថែមថាមនុស្ស ១០ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងជាច្រើននាក់ទៀតបាត់ខ្លួន។
យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នរដ្ឋ Niger បានឲ្យដឹងថា បុគ្គលិកជួយសង្គ្រោះ កំពុងបន្តស្វែងរកជនរងគ្រោះបន្ថែម។
ឧបទ្ទវហេតុនេះ បានកើតឡើងនៅម៉ោងប្រហែល ១១ ព្រឹក (ម៉ោងក្នុងស្រុក) កាលពីថ្ងៃអង្គារ ដោយទូកផ្ទុកលើសទម្ងន់ ហើយជ្រុលទៅបុកគល់ឈើ ពេលដល់កន្លែងកើតហេតុ។

យោងតាមអាជ្ញាធរ អះអាងថា ទូកនេះដឹកមនុស្សជាង ១០០ នាក់ ដោយមានស្ត្រី និងកុមារភាគច្រើនជាជនរងគ្រោះដែលស្លាប់។
គួរបញ្ជាក់ថា ឧបទ្ទវហេតុលិចទូកនេះ កើតឡើងជារឿយៗនៅប្រទេសនីហ្សេរីយ៉ា ដែលបណ្តាលមកពីផ្ទុកលើសទម្ងន់ បញ្ហាអាកាសធាតុ និងកំហុសបច្ចេកទេស ផ្សេងៗ ៕

ដោយ៖ ពេជ្រ