ភ្នំពេញ៖ ក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយមូលនិធិ GX FOUNDATION របស់ហុងកុង ស្ដីពី គម្រោងប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម និងបង្ការហានិភ័យ ចំពោះសុខភាពពីជំងឺផ្សេងៗ នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដែលជាផ្នែកគិតគូពីសុខមាភាព របស់ប្រជាពលរដ្ឋ នៅតាមបណ្តោយគម្រោងមួយនេះ ។

អ្នកឧកញ៉ា ឆារស៍ វ៉ាន់ អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនហ្វូណនតេជោ បានឱ្យដឹងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះថា មូលនិធិ GX FOUNDATION បានចូលមកប្រទេសកម្ពុជាមួយរយៈមកហើយ តាំងពីជំនាន់កូវីដ-១៩ ដោយបានផ្ដល់ពេទ្យជំនាញ និងបានផ្ដល់សម្ភារបរិក្ខារពេទ្យ ព្រមទាំងបានជួយ ក្នុងអំឡុងពេលកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា និងបានជួយតាមបណ្ដាលប្រទេសមួយចំនួន ជាពិសេសមូលនិធិនេះ ជំនាញលើការការពារជំងឺគ្រុនឈាម។
អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានគូសបញ្ជាក់ថា មូលនិធិ GX FOUNDATION មានជំនាញច្បាស់លាស់ និងមានការទំនាក់ទំនងរវាង កម្ពុជា-ហុងកុង ដូច្នេះមូលនិធិហុងកុង គឺជាក្រុមហ៊ុនដើរជួយតាមប្រទេសក្រីក្រ ដោយឥតគិតថ្លៃ។

អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានឲ្យដឹងទៀតថា មូលនិធិ GX FOUNDATION ធ្លាប់បានចុះទៅខេត្ដកំពង់ចាម, ខេត្ដកំពង់ស្ពឺ និងខេត្ដព្រៃវែង ដោយបានចុះជួយ នៅតាមតំបន់ជនបទ ដែលមានប្រជាពលរដ្ឋជីវភាពក្រីក្រ និងមានជំងឺគ្រុនឈាម ជាច្រើននាក់។
អ្នកឧកញ៉ាបន្ដថា ព្រែកជីកហ្វូណនតេជោ គឺជាតំបន់ថ្មី ដែលមានមូសជាច្រើន ដូច្នេះមូលនិធិ GX FOUNDATION យកចិត្ដទុកលើបញ្ហានេះ ដោយបានស្នើមកក្រុមហ៊ុនហ្វូណនតេជោ ដើម្បីសុំការអនុញ្ញាត ផ្ដល់សម្ភារបរិក្ខារពេទ្យមួយចំនួន ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម និងបង្ការហានិភ័យចំពោះសុខភាពពីជំងឺផ្សេងៗ ជូនដល់ប្រជាពលរដ្ឋ។

យោងតាម ការលើកឡើងរបស់លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផេត អ៊ុនវេសមិន ឯ.ក (CAIC) បានប្រកាសថា អាកាសយានដ្ឋានអន្ដជាតិតេជោ (TIA) គ្រោងចំណាយទឹកប្រាក់ ១០០លានដុល្លារ ដើម្បីសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មី ប្រវែង១០គីឡូម៉ែត្រ ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ភ្ជាប់ទៅព្រែកជីកហ្វូណនតេជោ រហូតដល់ក្រុងកែប។ ការសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មីនេះ ដើម្បីឱ្យតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្លាយទៅជាមជ្ឈមណ្ឌលដឹកជញ្ជូន ផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដឹកជញ្ជូនផ្លូវទឹក តភ្ជាប់រវាងទន្លេ និងសមុទ្រដ៏មានសក្តានុពលមួយរបស់កម្ពុជា។ គម្រោងនេះ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ ព្រែកជីកហ្វូណនតេជោ តភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែងជិត១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្រ្តខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ គម្រោងនេះ ប្រើប្រាស់រយៈពេលសាងសង់ប្រមាណ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ខាងមុខ ប្រើប្រាស់ទុនវិនិយោគ សរុបប្រមាណ១.៧ពាន់លានដុល្លារអាម៉េរិក៕





