លោក Graham Potter ត្រូវបានប្រកាសតែងតាំងជាអ្នកចាត់ការទូទៅថ្មីរបស់ក្រុមបាល់ទាត់ជម្រើសជាតិ ស៊ុយអែត ក្រោមកិច្ចសន្យាតែ ៦ខែប៉ុណ្ណោះ។
បុរសសញ្ជាតិអង់គ្លេស វ័យ ៥០ឆ្នាំរូបនេះ បានទទួលការងារដឹកនាំអតីតក្រុមខ្លាំងនៅអឺរ៉ុបមួយនេះ នៅពេលស៊ុយអែត ហាក់ដូចខើចឱកាស ឡើងទៅលេង World Cup ឆ្នាំក្រោយនេះ នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា។
លោក Potter ដែលធ្លាប់ចំណាយពេលដឹកនាំក្លឹបនៅ Premier League មានដូចជា Brighton, Chelsea ចុងក្រោយ West Ham United ផងនោះបានថ្លែងដោយក្តីរំភើប ការដែលត្រឡប់មកធ្វើការនៅស៊ុយអែតជាលើកទី២ នេះថា «ខ្ញុំពិតជារីករាយក្នុងការត្រឡប់មកវិញម្តងទៀត ប្រកបដោយការលើកទឹកចិត្តផងនោះ។ ស៊ុយអែត មានកីឡាករអស្ចារ្យជាច្រើន ដែលបានកំពុងលេងនៅលីគលំដាប់ពិភពលោកទៀតផង»។
នៅចាំបានថា លោក Potter ត្រូវបាន West Ham ដកតួនាទីកាលពីចុងខែកញ្ញា ឆ្នាំ២០២៥ ក្រោយដឹកនាំចាញ់ដល់ទៅ ៥លើក ក្នុងចំណោម ៦ប្រកួតក្នុងលីគរដូវកាលថ្មីនេះ ដែលញាំងឱ្យក្លឹបញញួរធំធ្លាក់ដល់ក្បែរបាតតារាង Premier League ដោយនៅក្រៅតំបន់កាត់ចោលតែ ៣ពិន្ទុប៉ុណ្ណោះ៕
