ចាប់តាំងពីការដាក់ចេញនូវសេដ្ឋកិច្ចរយៈកម្ពស់ទាប (Low-Altitude Economy) នៅឆ្នាំ២០២៤ មក រដ្ឋាភិបាលចិនបានផ្តល់សារៈសំខាន់ខ្ពស់ដល់ការអភិវឌ្ឍវិស័យនេះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច អភិបាលកិច្ចទីក្រុងឆ្លាតវៃ និងទំនើបកម្មឧស្សាហកម្ម។
ជាមួយនឹងការអភិវឌ្ឍបច្ចេកវិទ្យាចុងក្រោយដូចជា យន្តហោះបញ្ជាពីចម្ងាយ ឬដ្រូន យន្តហោះអគ្គសនីដែលគ្មានមនុស្សបើក និងអាចចុះចតដោយបញ្ឈរ (eVTOL) បណ្តាញតភ្ជាប់ដែលដំណើរការដោយបច្ចេកវិទ្យា 5G និង AI សេដ្ឋកិច្ចរយៈកម្ពស់ទាបរបស់ប្រទេសចិន កំពុងទទួលបានសន្ទុះនៃការរីកចម្រើនយ៉ាងឆាប់រហ័ស។
យោងតាមការព្យាករណ៍របស់រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន ទំហំសេដ្ឋកិច្ចរយៈកម្ពស់ទាបរបស់ប្រទេសចិន នឹងឈានដល់ ១,៥ ពាន់លានយ័ន (ប្រហែល ២១០ ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០២៥ និងអាចកើនដល់ ៣,៥ ពាន់លានយ័ន (ប្រហែល ៤៩០ ពាន់លានដុល្លារ) នៅឆ្នាំ ២០៣៥។
កំណើននេះបញ្ជាក់ថាឱ្យឃើញថា សេដ្ឋកិច្ចរយៈកម្ពស់ទាប មិនត្រឹមតែជាវិស័យថ្មីដែលមានសក្តានុពលខ្លាំងទេ ប៉ុន្តែវាក៏បានក្លាយទៅជាក្បាលម៉ាស៊ីនថ្មី នៃកំណើនសេដ្ឋកិច្ចប្រកបដោយនវានុវត្តន៍ និងជាប្រភពនៃកម្លាំងផលិតកម្មគុណភាពខ្ពស់នាពេលអនាគតផងដែរ។
ជាការពិតណាស់ សេដ្ឋកិច្ចប្រភេទថ្មីនេះ បាន និងកំពុងនាំមកនូវបរិវត្តកម្មឌីជីថល និងបង្កើតនូវកាលានុវត្តន៍ពាណិជ្ជកម្មថ្មីៗ ក្នុងវិស័យសំខាន់ៗដូចជា ការដឹកជញ្ជូនតាមផ្លូវអាកាស ទេសចរណ៍តាមផ្លូវអាកាស និងកសិកម្មឆ្លាតវៃ។
ការធ្វើសមាហរណកម្មរវាងយន្តហោះដ្រូន និង eVTOLs ទៅក្នុងប្រព័ន្ធដឹកជញ្ជូន កំពុងជួយកាត់បន្ថយកម្លាំងពលកម្ម បង្កើនប្រសិទ្ធភាពការងារ និងបញ្ចៀសការកកស្ទះចរាចរណ៍ ហើយនិន្នាការនេះ កំពុងទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ ឱ្យបង្កើនការដាក់ទុនវិនិយោគលើវិស័យសេដ្ឋកិច្ចរយៈកម្ពស់ទាបក្នុងប្រទេសចិន។
ជាក់ស្តែង ពិព័រណ៍ International Advanced Air Mobility Expo ដែលទើបតែបិទបញ្ចប់នៅទីក្រុងសៀងហៃ នាពេលថ្មីៗនេះ បានអនុញ្ញាតឱ្យក្រុមហ៊ុនជាង ៣០០ មកពីជុំវិញពិភពលោក ធ្វើបទបង្ហាញអំពី ផលិតផលឆ្លាតវៃដូចជា ដ្រូន និង eVTOLs ដែលអាចប្រើប្រាស់សម្រាប់ការដឹកជញ្ជូន តាក់ស៊ីលើអាកាស ទេសចរណ៍លើអាកាស និងបេសកកម្មជួយសង្គ្រោះ។ ពិព័រណ៌នេះបានក្លាយទៅជាថ្នាលមួយដ៏សំខាន់ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាដាក់សម្ពោធនូវផលិតផលថ្មីៗ ពង្រីកទីផ្សារ និងបង្កើតភាពជាដៃគូ។
ជាក់ស្តែង ក្រុមហ៊ុនអន្តរជាតិដូចជា Sky Enterprises របស់សហរដ្ឋអាម៉េរិក បានប្រកាសពីផែនការបង្កើតរោងចក្រ និងពង្រីកសកម្មភាពធុរកិច្ចរបស់ខ្លួននៅក្នុងប្រទេសចិន ដោយសារមើលឃើញពីសក្តានុពលនៃទីផ្សារនេះ ខណៈក្រុមហ៊ុនក្នុងស្រុកចិនដូចជា Vison Aeronautics កំពុងព្យាយាមពង្រីកប្រតិបត្តិការទៅកាន់ទីផ្សារអន្តរជាតិរួមមានអឹរ៉ុប មជ្ឈិមបូព៌ា និងអាស៊ីអាគ្នេយ៍។
ជាងនេះទៅទៀត វឌ្ឍនភាពយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចរយៈកម្ពស់ទាបរបស់ចិន ក៏បាន និងកំពុងរួមចំណែកជាវិជ្ជមានដល់ការពន្លឿនបរិវត្តកម្មឆ្ពោះទៅរកអភិបាលកិច្ចទីក្រុងឆ្លាតវៃ និងទំនើបកម្មឧស្សាហកម្ម ដែលចាំបាច់សម្រាប់យុគសម័យឌីជីថលផងដែរ។
អ្វីដែលគួរឱ្យកោតស្ញប់ស្ញែងនោះគឺ បច្ចេកវិទ្យាដ្រូន ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងទីក្រុងធំៗរបស់ចិន ដូចជាសៀងហៃ និងសិនចិន ជាដើម សម្រាប់ការឃ្លាំមើលសន្តិសុខសាធារណៈ ការត្រួតពិនិត្យគុណភាពបរិស្ថាន បេសកកម្មសង្គ្រោះបន្ទាន់ក្នុងគ្រោះមហន្តរាយ រួមមានអគ្គិភ័យជាដើម។ ទាំងនេះគឺជាតឹកតាងដែលបង្ហាញថា សេដ្ឋកិច្ចរយៈកម្ពស់ទាប បាន និងកំពុងកែប្រែវិស័យផ្លូវអាកាសឱ្យក្លាយទៅជាទ្រព្យសម្បត្តិបច្ចេកវិទ្យាថ្មី ដែលនឹងជំរុញសេដ្ឋកិច្ចឌីជីថល និងទំនើបកម្មឧស្សាហកម្ម។
ក្រៅពីនេះ សេដ្ឋកិច្ចរយៈកម្ពស់ទាប ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងយុទ្ធសាស្ត្រធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មរបស់ប្រទេសចិន ជាពិសេសនៅក្រោមចក្ខុវិស័យ “ផលិតក្នុងប្រទេសចិន ឆ្នាំ២០២៥”។ តាមរយៈការធ្វើសមាហរណកម្មបច្ចេកវិទ្យាពីលើអាកាសជាមួយនឹងប្រព័ន្ធផលិតឆ្លាតវៃ ប្រទេសចិនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបង្កើនផលិតភាព កាត់បន្ថយចំណាយប្រតិបត្តិការ និងឆ្ពោះទៅរកគំរូផលិតកម្មដែលមានប្រសិទ្ធភាពកម្រិតខ្ពស់ និងពណ៌បៃតង។
សមិទ្ធផលទាំងនេះពុំមែនជាអ្វីដែលកើតឡើងដោយចៃដន្យនោះទេ តែជាលទ្ធផលនៃកិច្ចប្រឹងប្រែង របស់រដ្ឋាភិបាលចិន ក្នុងការទាញយកសក្តានុពលពីសេដ្ឋកិច្ចរយៈកម្ពស់ទាប។ តួយ៉ាង រដ្ឋាភិបាលចិនបានខិតខំបង្កើតក្របខណ្ឌបទប្បញ្ញត្តិ និងស្តង់ដារសុវត្ថិភាពឱ្យស្របទៅនឹងការអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីធានានូវកំណើនប្រកបដោយចីរភាព មានសុវត្ថិភាព និងការគ្រប់គ្រងបានល្អ។


