ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់លោក Park Woohee ប្រធានគណៈប្រតិភូ នៃសាធារណរដ្ឋកូរ៉េ តំណាងឯកឧត្តមអភិបាលខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ ដែលបាននាំយក នូវរថយន្តសង្គ្រោះបន្ទាប់ ចំនួន០២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ ចំនួន០១គ្រឿង សម្រាប់ផ្តល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥។

បន្ទាប់ពី លោក Park Woohee ប្រធានគណៈប្រតិភូ នៃសាធារណរដ្ឋកូរ៉េ តំណាងឯកឧត្តមអភិបាលខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ បានមានចំណាប់អារម្មណ៍ និងបង្ហាញពីវត្ថុបំណងនោះរួចមក, ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះលោក Park Woohee និងឯកឧត្តមអភិបាលខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ ក៏ដូចជាគណៈប្រតិភូទាំងអស់ ដែលបានផ្ដល់ជំនួយ នូវរថយន្តពេទ្យ ចំនួន០២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ ចំនួន០១គ្រឿង ជូនដល់រដ្ឋបាលខេត្តនាពេលនេះ ដើម្បីជួយបម្រើជាផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ ដែលជួបគ្រោះអគ្គិភ័យ និងគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។
ឯកឧត្តម ខូយ រីដា បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងគាំទ្រ ដោយប្តេជ្ញាខិតខំជំរុញកិច្ចសហការ លើប្រតិបត្តិការវិស័យទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច អប់រំ កសិកម្ម ជាពិសេសការបញ្ជូនពលករ ក្នុងខេត្តពោធិ៍សាត់ ទៅធ្វើការតាមរដូវកាល នៅខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ ដោយស្របតាមគោលនយោបាយ នៃប្រទេសទាំងពីរ។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់បន្ថែមថា កន្លងមកនេះ ពលករភាគច្រើន ពួកគេពេញចិត្តទៅធ្វើការនៅប្រទេសកូរ៉េ និងជប៉ុនច្រើនជាងគេ នេះដោយសារប្រទេសទាំងពីរ បង្កលក្ខណៈងាយស្រួលដល់ពលករខ្មែរ និងទទួលបានប្រាក់ខែខ្ពស់ ដើម្បីយកមកអភិវឌ្ឍន៍ក្រុមគ្រួសារ នៅស្រុកកំណើត។ ឯកឧត្តមក៏សូមអរគុណដល់ រដ្ឋបាលខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ ដែលបានជ្រើសរើសពលករ ដែលមានសមត្ថភាពក្នុងខេត្តពោធិ៍សាត់ ដើម្បីទៅធ្វើការ ស្របតាមកិច្ចព្រមព្រៀម ដែលបានចុះហត្ថលេខានាពេលកន្លងមក។
ឆ្លៀតក្នុងឱកាសនោះ ក៏មានកម្មវិធីប្រគល់-ទទួលរថយន្ត និងគ្រឿងឥស្សរិយយស លិខិតថ្លែងអំណរគុណ ព្រមទាំងវត្ថុអនុស្សាវរីយ៍ ជូនដល់ដល់សប្បុរសជន ០៥រូប នៃសាធារណរដ្ឋកូរ៉េ ដែលបានជួយឧបត្ថម្ភសម្ភារ បរិក្ខារពេទ្យ ថ្នាំពេទ្យ រថយន្តសង្គ្រោះបន្ទាប់ និងរថយន្តពន្លត់អគ្គិភ័យផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់









