​កម្ពុជា រៀបចំសិក្ខាសាលាស្តីពីសកម្មភាពមីនក្នុងតំបន់មេគង្គ-ឡានឆាង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រួមគ្នាឆ្ពោះទៅសម្រេចបានតំបន់មេគង្គ-ឡានឆាង ដែលមិនមានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម

(សៀមរាប) ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន អញ្ជើញជាអធិបតីក្នុងកម្មវិធីបើកនៃសិក្ខាសាលាស្តីពីសកម្មភាពមីននៅក្នុងតំបន់មេគង្គ-ឡានឆាង ដែលប្រព្រឹត្តទៅពីថ្ងៃទី២៧ ដល់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារអង្គរភែលេសរីហ្សត និងស្ប៉ា ខេត្តសៀមរាប ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រួមគ្នាឆ្ពោះទៅសម្រេចបានតំបន់មេគង្គ-ឡានឆាង ដែលមិនមានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

សិក្ខាសាលានេះ គឺជាផ្នែកមួយនៃគម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងសកម្មភាពមីន» ដែលគាំទ្រដោយមូលនិធិពិសេសរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណង លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការចែករំលែកចំណេះដឹង និងជំនាញ ក្នុងវិស័យសកម្មភាពមីន រវាងប្រទេសនានានៅក្នុងតំបន់មេគង្គ-ឡានឆាង។ សិក្ខាសាលានេះផងដែរ មានការចូលរួមពីអ្នកជំនាញមកពីអង្គការអន្តរជាតិ និងតំណាងស្ថាប័នជាតិ ដែលបម្រើការងារពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន របស់ប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង រួមមាន ចិន ឡាវ មីយ៉ាន់ម៉ា វៀតណាម និងរួមទាំងកម្ពុជា។

ក្នុងឱកាសនោះ  ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណ ជូនចំពោះគណៈប្រតិភូពីប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង និងភាគីពាក់ព័ន្ធសកម្មភាពមីន ដែលបានចូលរួមក្នុងសិក្ខាសាលាថ្នាក់តំបន់នេះ ដែលបានបង្ហាញពីឆន្ទៈក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាឆ្ពោះទៅសម្រេចបានតំបន់មេគង្គ-ឡានឆាង ដែលមិនមានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានឈានឆ្ពោះទៅរកសន្តិភាព ស្ថិរភាព និងសាមគ្គីភាព ទាំងក្នុងប្រទេស និងនៅឆាកអន្តរជាតិ ក្នុងនោះបានចាត់ទុកវិស័យសកម្មភាពមីនជាស្នូលនៃការអភិវឌ្ឍ និងក្លាយជាប្រទេសឈានមុខក្នុងសកម្មភាពមីនសកល។ ជាក់ស្តែង ឆ្នាំមុនកម្ពុជាបានធ្វើជាប្រធានអនុសញ្ញាអូតាវ៉ា កម្ពុជា បានជំរុញឱ្យមានការប្តេជ្ញាចិត្តជាថ្មីសម្រាប់ពិភពលោក ក្នុងការលុបបំបាត់ការរងទុក្ខវេទនាដោយសារមីន ជាពិសេសតាមរយៈការដាក់ចេញនូវសេចក្តីថ្លែងការ និងផែនការសកម្មភាពសៀមរាប-អង្គរឆ្នាំ២០២៥-២០២៩ ដែលជាផែនទីបង្ហាញទិសសកម្មភាពមីនសាកល។

តាងនាមឱ្យ រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណចំពោះប្រទេសចិន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា និងទូទាំងពិភពលោក។ ក្រៅពីសកម្មភាពមីន ចិនបានចូលរួមចំណែកក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពទាំងក្នុងតំបន់ និងពិភពលោក។

ឯកឧត្តម ថ្លែងបញ្ចាក់ទៀតថា កម្ពុជា រួមទាំងប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង ទទួលបានសមិទ្ធផលជាទីកត់សម្គាល់ក្នុងសកម្មភាពមីន ក៏ប៉ុន្តែការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតែបន្តមានដែលទាមទារឱ្យបង្កើនកិច្ចសហប្រតិបត្តិការតំបន់កាន់តែខ្លាំងក្លា ជាពិសេសតាមរយៈការចែករំលែកបទពិសោធន៍ និងចំណេះដឹងរវាងគ្នានិងគ្នា។ ដរាបណាស្លាកស្នាមសង្គ្រាមមិនទាន់បាត់រសាត់ ការប្តេជ្ញាចិត្តរបស់យើងនៅតែមានជានិច្ច។

ជាចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា ទន្លេមេគង្គគឺជាប្រភពនៃជីវិត និងជាអត្តសញ្ញាណនៃសន្តិភាព និងកិច្ចសហប្រតិបត្តិការ ហេតុនេះ យើងត្រូវរួមគ្នា ដើម្បីធានាថាតំបន់មេគង្គ-ឡានឆាង មានសុខសន្តិភាព និងសុវត្ថិភាព តាមរយៈការលុបបំបាត់កេរ្តិ៍ដំណែលសង្គ្រាម និងបន្សល់ទុកកេរ្តិ៍ដំណែលក្តីសង្ឃឹម និងឱកាស។

Written by 

Related posts

Leave a Comment