កុំឲ្យចាញ់ចិត្ត៖ ចិន ប្រកាសយកពន្ធពីអាមេរិកវិញ ១២៥ ​ភាគរយ​ ចាប់​ពីថ្ងៃនេះទៅ

រដ្ឋាភិបាលចិនបានឲ្យដឹងថា ខ្លួននឹងដាក់ពន្ធបន្ថែមលើការនាំចូលពីសហរដ្ឋអាមេរិករហូតដល់ចំនួនសរុប ១២៥ ភាគរយ ដោយចាប់ផ្តើមពីថ្ងៃសៅរ៍នេះតទៅ។

ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិនបានប្រកាសពីការដំឡើងថ្លៃនេះកាលពីថ្ងៃសុក្រ មួយថ្ងៃបន្ទាប់ពីប្រទេសនេះបានដាក់ពន្ធ ៨៤ ភាគរយលើការនាំចូលពីសហរដ្ឋអាមេរិក។

ក្រសួងបានប្រកាសដែរថាការផ្លាស់ប្តូរនេះគឺជាវិធានការប្រឆាំងនឹងការដាក់ពន្ធបន្ថែមម្តងហើយម្តងទៀតរបស់រដ្ឋបាល Trump ។       សហរដ្ឋអាមេរិកបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថាការយកពន្ធបានបន្ថែមរហូតដល់ ១៤៥ ភាគរយ។

គួររំលឹកថា មុននេះប្រទេសចិន​បានអះអាង​ថា ខ្លួន​នឹង​មិន​អើពើ​នឹង​ការ​ដំឡើង​ពន្ធ​បន្ថែម​ទៀត​ដោយ​អាមេរិកនោះទេ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិននិយាយថា សហរដ្ឋអាមេរិកដំឡើងពន្ធខ្ពស់មិនធម្មតាលើប្រទេសចិនម្តងហើយម្តងទៀតបានក្លាយជាល្បែងតួលេខដែលមិនមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចជាក់ស្តែងនោះទ្បើយ។

ប៉ុន្តែអ្នកនាំពាក្យរូបនេះនិយាយថា ប្រសិនបើអាមេរិកទទូចបន្តធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិនខ្លាំងនោះ ទីក្រុងប៉េកាំងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងប្រយុទ្ធរហូតដល់ទីបញ្ចប់។

ក្រសួងពាណិជ្ជកម្មក៏បានបញ្ជាក់ផងដែរថា ខ្លួនបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក ដោយអះអាងថាវិធានការពន្ធរបស់សហរដ្ឋអាមេរិកបានបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់របស់ WTO ។

ប្រធានាធិបតីចិនលោក Xi Jinping បានអត្ថាធិប្បាយលើជម្លោះពាណិជ្ជកម្មដែលកំពុងកើនឡើងរវាងប្រទេសរបស់លោក និងសហរដ្ឋអាមេរិកថា  គ្មានអ្នកឈ្នះនៅក្នុងសង្គ្រាមពន្ធគយនោះទេ។លោក ស៊ី បាន​ធ្វើ​ការ​កត់សម្គាល់​នេះ​ក្នុង​អំឡុង​ពេល​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​អេស្ប៉ាញ លោក Pedro Sanchez ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​សុក្រ។

 លោក Xi បានរិះគន់រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ដោយនិយាយថាការប្រឆាំងនឹងពិភពលោកនឹងនាំឱ្យមានតែភាពឯកោខ្លួនឯងប៉ុណ្ណោះ។ លោក Xi បានសង្កត់ធ្ងន់ថា តម្រូវការប្រើប្រាស់ និងសក្តានុពលនៃការផ្លាស់ប្តូរឧស្សាហកម្មរបស់ប្រជាជនជាង ១.៤ ពាន់លាននាក់របស់ប្រទេសចិន នឹងផ្តល់នូវកម្លាំងរុញច្រានដ៏ខ្លាំងក្លាសម្រាប់សេដ្ឋកិច្ចពិភពលោក។

  លោកបានអំពាវនាវឱ្យប្រទេសចិន និងសហភាពអឺរ៉ុបធ្វើការរួមគ្នាដើម្បីការពារសកលភាវូបនីយកម្មសេដ្ឋកិច្ច និងរួមគ្នាប្រឆាំងនឹង”ការគំរាមកំហែងដោយឯកតោភាគី៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment