បន្ទាយមានជ័យ ៖ មន្ត្រីចម្រុះកាលពីថ្ងៃទី២៧ខែតុលាឆ្នាំ២០២៥ បានចុះពិនិត្យនិងបិទអាជីវកម្មសត្តឃាតដ្ឋាន ប្រភេទ”ក”( សត្វជ្រូក) នៃក្រុមហ៊ុននាងខត្តីយឯក Neang Khatey Co.,Ltd របស់លោក ផាន់ ដារ៉ារឹទ្ធិ ដែលអស់សុពលភាព ស្ថិតនៅផ្លូវវត្តថ្មី នៅភូមិបាលីលេយ្យ២ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ហើយឲ្យរុះរើទៅទីតាំងថ្មី ។

លោកឃ្លោក នួយ អភិបាលរង ខេត្តបន្ទាយមានជ័យ និង អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ដែលដឹកនាំដោយលោកពេជ្រ ប៉េដា អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈ បសុព្យាបាល សមត្ថកិច្ចមន្រ្តីចម្រុះ រួមមានតំណាងមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត , មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត , នាយកទីចាត់ការអន្តរវិស័យរដ្ឋបាលខេត្តនិងមានការចូលរួមពីអ្នកស្រីវុន យីហ៊ុប តំណាងម្ចាស់សត្តឃាតដ្ឋានផាន់ ដារ៉ារិទ្ធ,មេការសត្តឃាតដ្ឋាន អាជ្ញាធរសង្កាត់ និងក្រុងប៉ោយប៉ែត ។
ពេលចុះត្រួតពិនិត្យនោះ លោកពេជ្រ ប៉េដា អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈ បសុព្យាបាលនិងលោកឃ្លោក នួយ អភិបាលរង ខេត្តបន្ទាយមានជ័យ ក៏ដូចមន្ត្រីអាជ្ញាធរ សមត្ថកិច្ចជំនាញនានា បានឲ្យដឹងថា : សត្តឃាតដ្ឋានផាន់ ដារ៉ារឹទ្ធិ នោះ បានហួសសុពលភាពធ្វើអាជីវកម្មស្របច្បាប់យូរមកហើយ។ ហើយក៏បង្កប៉ះពាល់ខ្លាំងដោយខ្វះអនាម័យ ការគ្រប់គ្រងក្លិន កាកសំណល់ ប៉ះពាល់លើបរិស្ថាននិងលើមនុស្សរស់នៅជុំវិញ។
ហើយអ្នកវិនិយោគនេះ ពុំបានគោរព អនុវត្តនិងកែលម្អណាមួយ តាមកិច្ចសន្យាឬការណែនាំរបស់ជំនាញនិងអាជ្ញាធរឡើយ ។

ហេតុនេះ មានតែបញ្ឈប់ជាស្ថាព៛លើអាជីវកម្ម ហើយប្រគល់ដីរដ្ឋ ទីកន្លែងទំហំ២០មគុណ២០មនោះជូនជាទ្រព្យសម្បត្តរដ្ឋវិញតាំងពីខែវិច្ឆិកាឆ្នាំ២០២៤ មកម្ល៉េះ ។
ទោះជាយ៉ាងណា លើកនេះអាជ្ញាធរនិងជំនាញនៅបានអនុគ្រោះមិនបិទភ្លាមៗពេលចុះពិនិត្យនេះទេ ដោយទុករយ:ពេលដល់ថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២៥ អោយម្ចាស់ទីតាំង បិទនិងរុះរើទីតាំង ។
ត្បិតអី ខណ:នេះ ក៏មានសត្តឃាតដ្ឋានប្រភេទ”ខ” ឈ្មោះជៀន សោភ័ណ្ឌ នៅ ស្ថិតជាប់អូរព្រំដែននាភូមិ/សង្កាត់ផ្សារកណ្តាល អាចដំណើរការបាន បើសិនជាអនុវត្តតាមកិច្ចសន្យារបស់ខ្លួន ។
ឬក៏មានសត្តឃាតដ្ឋានប្រភេទ”ក” ខូយ ប្រការមួយទៀតដែលជាសត្តឃាតដ្ឋានស្តង់ដារនិងទំនើបស្របតាមការណែនាំរបស់ក្រសួងនិងអាជ្ញាធរ ស្ថិតនៅជិត នាសង្កាត់ផ្សារកណ្តាលដែរ ។
ចំពោះអ្នកស្រីវុន យីហ៊ុប តំណាងម្ចាស់សត្តឃាតដ្ឋាននេះបានអោយដឹងថា : ខ្លួនធ្លាប់សុំប្តូរទីតាំង ពីយូរមកហើយ ប៉ុន្តែថ្នាក់លើនិងថ្នាក់ក្រោមជំនាញពេទ្យសត្វនិងអាជ្ញាធរ មិនទទួលយកសំណើខ្លួន ។ ហើយខ្លួនក៏ខិតខំប្រមូលកាកសំណល់យកចេញ ក៏សម្អាតអនាម័យផងដែរ ។

ឯលោកផាន់ ដារ៉ារឺទ្ធិ ធ្លាប់បានបញ្ជាកន្លងមកក់ថា: ករណីសត្តឃាតដ្ឋានជ្រូកនេះ(មានទំហំ២០មគុណ២០ម ) តាមពិតជាដីកម្មសិទ្ធិឯកជន មានប័ណ្ណសម្គាល់អចលវត្ថុឈ្មោះលោក ។ វាមិនមែនជាទ្រព្យសម្បត្តិរដ្ឋដូចមន្ត្រីនៅមូលដ្ឋានប៉ាន់ស្មាននោះឡើយ ។
ប៉ុន្តែជាក់ស្តែងសត្តឃាតដ្ឋាននេះ មានឈ្មោះលោកមែន ប៉ុន្តែមកទល់ពេលនេះ អ្នកគ្រប់គ្រង និងធ្វើអាជីវកម្មគឺអ្នកស្រីវុន យីហ៊ុបឯណោះទេ (ភរិយាចុងរបស់សពឪពុកលោក ផាន់ សាមន្ថា) ។
ចំណែកប្រជាពលរដ្ឋរស់នៅម្តុំនោះ បានឲ្យដឹងថា : ពួកខ្លួនរាប់សិបគ្រួសារបានរស់នៅ ស្នាក់នៅនិងប្រកបរបររកស៊ីដោយរងផលប៉ះពាល់បរិស្ថាន និងសុខភាព ក្រោមការជះក្លិនស្អុយ ឆ្អេះឆ្អាប សម្លេងរំខាន និងកាកសំណល់ ដែលគ្មានអនាម័យឬទុកដាក់សមស្របបង្កឡើងដោយទីតាំងសត្តឃាតដ្ឋាននេះ ជាយូរឆ្នាំមកហើយ។
សូមរំលឹកថា៖ជំនាញពេទ្យខេត្តនៃការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យបានអោយដឹងថា: ការិយាល័យបានបញ្ជូនមន្ត្រីជំនាញចុះត្រួតពិនិត្យនិងវាយតម្លៃសត្តឃាតដ្ឋានផាន់ ដារ៉ារឹទ្ធិនេះ នៅភូមិបាលីលេយ្យ២សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ហើយរឃើញថា
ទី១-សត្តឃាតដ្ឋានមានទីតាំងខាងលើហួសសុពលភាព។ (ក្រសួងកសិកម្ម អនុញ្ញាតិគោលការណ៍និងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិកម្មសត្វ អនុញ្ញាតិបន្តសុពលភាព៥ឆ្នាំ គិតពីថ្ងៃទី០៧ខែមីនាឆ្នាំ២០១៩ ដល់ថ្ងៃទី០៦ខែមីនាឆ្នាំ២០២៤។

ចំណែកឯក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុញ្ញាតិច្បាប់វិនិយោគពីថ្ងៃទី០១ខែមករាឆ្នាំ២០០៩ ដល់៣១ខែធ្នូឆ្នាំ២០១៣ )។
ទី២-ទីតាំងនៅកណ្តាលទីប្រជុំជន មិនអាចធ្វើអាជីវកម្មបានទៀតទេ។
ទី៣- ខ្វះអនាម័យ ការគ្រប់គ្រងក្លិន កាកសំណល់ ប៉ះពាល់បរិស្ថាននិងមនុស្សរស់នៅជុំវិញ ។
ពោលគឺផ្ទុយនឹងលក្ខ័ខ័ណ្ឌក្នុងអនុក្រឹត្យលេខ១០៨ ស្តីពីការគ្រប់គ្រងសត្តឃាតដ្ឋាននិងការត្រួតពិនិត្យ អនាម័យសត្វ ។ដូច្នេះ ស្នើសុំបញ្ឈប់ស្ថាពរលើអាជីវកម្មសត្តឃាតដ្ឋានជ្រូក ប្រភេទ”ក”.នេះ ។
រីឯរដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៧ខែតុលាឆ្នាំ២០២៤ បានចាត់តាំងលោកហ៊ឹល រ៉ាយ៉ា. អភិបាលរងខេត្តអោយដឹកនាំប្រជុំនៅសាលាខេត្តនិងថ្ងៃទី២៧ខែតុលាឆ្នាំ២០២៥ នេះចាត់អោយលោកឃ្លោក មួយ អភិបារងខេត្តសហការនឹងមន្ត្រីជំនាញចុះត្រួតពិនិត្យទីតាំងសត្តឃាតដ្ឋានផាន់ ដារ៉ារឹទ្ធិ ដែលជាទ្រព្យសម្បត្តិរដ្ឋ ស្ថិតក្រោមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនេះ ។
និងក៏ដើម្បីពិនិត្យនិងដោះស្រាយបញ្ហាដីទីតាំងដែលជាទ្រព្យសម្បត្តិរដ្ឋនិងការបង់ថវិកាតាមកិច្ចសន្យាក្នុងសៀវភៅបន្ទុក ៕



