រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីរ៉ង់បានអះអាងកាលពីថ្ងៃចន្ទម្សិលមិញថា ប្រទេសអ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចាការទូត ខណៈដែលភាពតានតឹងនៅតែបន្តកើនឡើងរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន។

លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយបែបនេះនៅក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីសក្ការបូជារបស់ Ayatollah Ruhollah Khomeini ដែលជាស្ថាបត្យករនៃបដិវត្តន៍ឆ្នាំ ១៩៧៩ របស់អ៊ីរ៉ង់។ លោកអះអាងថា “យើងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការទូត ប៉ុន្តែការទូតក៏មានគោលការណ៍របស់វាដែរ។ ខ្ញុំសង្ឃឹមថាយើងនឹងឃើញលទ្ធផលក្នុងពេលឆាប់ៗនេះ”។ លោកបន្ថែមថា “សត្រូវរបស់អ៊ីរ៉ង់ដែលមិនបានសម្រេចគោលដៅរបស់ពួកគេមិនថាឆ្លងកាត់សង្រ្គាម ១២ ថ្ងៃកាលពីឆ្នាំមុន ឬការតវ៉ាដ៏ខ្លាំងខ្លានាពេលថ្មីៗនេះ ឥទ្បូវនេះពួកគេបានងាកទៅរកការទូតវិញ”។
លោកបានបន្ថែមទៀតថា “ ភាគីទាំងអស់នោះ សុទ្ធតែនិយាយអំពីការទូតដូចៗគ្នា ទោះបីជាអ៊ីរ៉ង់តែងតែត្រៀមខ្លួនរួចជាស្រេចសម្រាប់ជម្រើសនេះក៏ដោយចុះ។ លោកថាប្រសិនបើវាមានការគោរពគ្នាទៅវិញទៅមក និងការគិតគូរពីផលប្រយោជន៍គេមិនត្រូវប្រើឥរិយាបថបែបនេះទេ។

គួររំលឹកថា នៅខែមិថុនា ឆ្នាំ ២០២៥ អ៊ីស្រាអែល ដែលគាំទ្រដោយទីក្រុងវ៉ាស៊ីនតោន បានបើកការវាយប្រហាររយៈពេល ១២ ថ្ងៃលើប្រទេសអ៊ីរ៉ង់ ដែលបានកំណត់គោលដៅលើទីតាំងយោធា និងនុយក្លេអ៊ែរ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ហើយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ និងអ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់ច្រើននាក់។ អ៊ីរ៉ង់បានឆ្លើយតបដោយវាយប្រហារទីតាំងយោធានិងចារកម្មរបស់អ៊ីស្រាអែលដោយកាំជ្រួចនិងយន្តហោះគ្មានមនុស្សបើក មុនពេលអាមេរិកប្រកាសបទឈប់បាញ់។
ការកត់សម្គាល់របស់លោក Araghchi បានកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ខណដែលកងនាវាយោធាអាមេរិកដែលត្រូវបានគេរាយការណ៍ថាកំពុងធ្វើដំណើរទៅកាន់តំបន់សំខាន់ៗ ដូចដែលបានប្រកាសដោយប្រធានាធិបតី Donald Trump ។
លោក Trump បានបញ្ជាក់ថា អាវុធដ៏ធំរបស់សហរដ្ឋអាមេរិកកំពុងធ្វើដំណើរទៅកាន់តំបន់ ដោយព្រមានអ៊ីរ៉ង់ថា តើត្រូវចូលទៅក្នុងការចរចាលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ឬត្រូវប្រឈមមុខនឹងសកម្មភាពយោធាដែលមានសក្តានុពល។ ទន្ទឹមនឹងការប្រឈមនឹងសង្រ្គាមដ៏មានសក្តានុពលនោះ ក៏លេចចេញនូវសកម្មភាពការទូតដ៏មមាញ៉ឹកផងដែរខណប្រទេសក្នុងតំបន់មួយចំនួន រួមទាំងទួរគី បានធ្វើអន្តរាគមន៍ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ៕

ដោយ៖ ពេជ្រ
