ក្រសួងមហាផ្ទៃប៉ាគីស្ថាន បានឱ្យដឹងថា យ៉ាងហោចណាស់មានពួកឧទ្ទាម ១៧៧ នាក់ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបសន្តិសុខនៅក្នុងប្រទេស បន្ទាប់ពីការវាយប្រហារមួយដែលបណ្តាលឱ្យមនុស្សជាង ៥០ នាក់ស្លាប់។

ប្រតិបត្តិការនេះ ត្រូវបានប្រកាស កាលពីថ្ងៃអាទិត្យ បន្ទាប់ពីការវាយប្រហារដោយក្រុមឧទ្ទាម គឺកងទ័ពរំដោះ Balochistan (BLA) នៅទីតាំងជាច្រើននៅទូទាំងខេត្ត Balochistan ភាគនិរតី ដែលមានព្រំប្រទល់ជាប់នឹងប្រទេសអ៊ីរ៉ង់ និងអាហ្វហ្គានីស្ថាន។
ការវាយប្រហារ បានចាប់ផ្តើមនៅព្រឹកថ្ងៃសៅរ៍ ហើយសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ៣១ នាក់ រួមទាំងស្ត្រី ៥ នាក់ ក៏ដូចជាសមាជិកកងកម្លាំងសន្តិសុខ ១៧ នាក់។ នេះបើយោងតាមរបាយការណ៍របស់ Al Jazeera។
ចំនួនពួកសកម្មប្រយុទ្ធដែលត្រូវបានសម្លាប់ក្នុងរយៈពេល ៤៨ ម៉ោងកន្លងមកនេះ ក្នុងការឆ្លើយតបរបស់អាជ្ញាធរប៉ាគីស្ថាន គឺខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Mohsin Naqvi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងសន្តិសុខ ប៉ូលីស និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់យើងចាត់វិធានការទាន់ពេលវេលា និងមានប្រសិទ្ធភាព។
រដ្ឋាភិបាល និងយោធាប៉ាគីស្ថាន បានចោទប្រកាន់ថា BLA ទទួលបានការគាំទ្រពីប្រទេសឥណ្ឌា ការចោទប្រកាន់នេះដែរត្រូវទីក្រុងញូវដេលី បដិសេធ៕
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា Randhir Jaiswal បាននិយាយថា “យើងបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋានដែលធ្វើឡើងដោយប៉ាគីស្ថាន ដែលគ្មានអ្វីក្រៅពីយុទ្ធសាស្ត្រធម្មតារបស់ខ្លួនដើម្បីបង្វែរការចាប់អារម្មណ៍ពីការបរាជ័យផ្ទៃក្នុងរបស់ខ្លួន”។

ដោយ៖ ពេជ្រ
