ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បានស្វាគមន៍និងជួបពិភាក្សាជាមួយ លោក Ali Larijani លេខានៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ ដែលធ្វើដំណើរដោយមិនបានប្រកាសទៅកាន់វិមានក្រឹមឡាំងកាលពីថ្ងៃសុក្រម្សិលមិញ។

លោក Larijani ដែលជាទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូល Ali Khamenei ត្រូវបានតែងតាំងឱ្យកាន់តំណែងដ៏សំខាន់នេះកាលពីខែសីហាឆ្នាំមុន។ ពីមុនលោកបានទៅទស្សនាទីក្រុងមូស្គូក្នុងរដូវក្តៅ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អាមេរិកទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។
វិមានក្រឹមឡាំងបានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា “ប្រមុខរដ្ឋរុស្ស៊ីបានទទួលជួបពិភាក្សាពិសេសជាមួយលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី” នៅវិមានក្រឹមឡាំង។ ប៉ុន្តែសេចក្តីថ្លែងការណ៍នោះមិនបានបង្ហាញព័ត៌មានលម្អិតនៃកិច្ចពិភាក្សាបែបសម្ងាត់នោះទេ។
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅរុស្ស៊ី លោក Kazem Jalali បានថ្លែងថា “កិច្ចប្រជុំនេះផ្តោតលើទំនាក់ទំនងទ្វេភាគី និងពិគ្រោះយោបល់លើបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗ”នៃបច្ចុប្បន្នភាព។
ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីការដាក់ទណ្ឌកម្មរបស់ក្រុងវ៉ាស៊ីនតោនលើមេដឹកនាំអ៊ីរ៉ង់ លោក Larijani កាលពីដើមខែនេះ ជុំវិញការជាប់ពាក់ព័ន្ធក្នុងការគាបសង្កត់ដោយហិង្សានៃការតវ៉ាប្រឆាំងរដ្ឋាភិបាលដែលបានវាយលុកប្រទេសអ៊ីរ៉ង់តាំងពីចុងខែធ្នូ ហើយមានមនុស្សរាប់ពាន់នាក់ស្លាប់។

ទីក្រុងតេអេរ៉ង់បានកំណត់ភាពចលាចលដែលបានចាប់ផ្តើមដោយសារការធ្លាក់ចុះនៃផ្នែកសេដ្ឋកិច្ចកន្លងទៅនោះ ថាជាការបះបោរគាំទ្រដោយបរទេស សំខាន់អ៊ីស្រាអែល និងអាមេរិក។
គួររំលឹកថា លោក Putin ក៏ធ្លាប់ធ្វើការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីរ៉ង់ លោក Masoud Pezeshkian នៅដើមខែនេះ ផងដែរដើម្បីពិភាក្សាអំពីភាពចលាចល និងបញ្ជាក់ឡើងវិញនូវទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងរុស្ស៊ី និងអ៊ីរ៉ង់។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump តាមសេចក្តីរាយការណ៍បានបញ្ជាឲ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ ខណៈពេលដែលគាត់បានពន្យារពេលការសម្រេចចិត្តចុងក្រោយ ដោយបានបញ្ជូនកងនាវាចរ “armada” ទៅកាន់តំបន់ ដើម្បីដាក់សម្ពាធទីក្រុងតេអេរ៉ង់ឱ្យទទួលយកការទាមទាររបស់គាត់សម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី។ យ៉ាងណាក៏ដោយផែនការយោធារបស់សហរដ្ឋអាមេរិកសម្រាប់ការវាយលុកអ៊ីរ៉ង់នៅតែសកម្ម។
ប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ដោយដកស្រង់ប្រភពរដ្ឋបាលអាមេរិកថា លោក Trump កំពុងពិចារណាជម្រើសជាច្រើនចាប់ពីការវាយប្រហារលើកងកម្លាំងសន្តិសុខអ៊ីរ៉ង់ និងទីតាំងនុយក្លេអ៊ែរ ដល់ការកំណត់គោលដៅមន្ត្រី។ បន្ទាប់ពីការគំរាមកំហែងរបស់លោក Trump នោះ ទីក្រុងតេអេរ៉ង់បានប្តេជ្ញាថានឹងការពារខ្លួន និងឆ្លើយតបដោយមិនធ្លាប់មានពីមុនមកប្រសិនបើមានការវាយប្រហារពីអាមេរិក។ ទន្ទឹមនោះភាគីទាំងពីរក៏មានគម្រោងធ្វើសមយុទ្ធយោធានៅក្នុងតំបន់ ការព្រមានប្រឆាំងនឹងការបង្កហេតុ និងការគណនាខុសនៅតែបន្តកើនឡើង៕

ដោយ៖ ពេជ្រ
