កាណាដា ឱ្យ ត្រាំ គោរពអធិបតេយ្យភាពខ្លួន ក្រោយទទួលដំណឹងមិនល្អពាក់ព័ន្ធនឹងខេត្តជាប់អាមេរិក

លោកនាយករដ្ឋមន្ត្រី Mark Carney បានប្រាប់សន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍ ដោយអត្ថាធិប្បាយលើរបាយការណ៍ដែលថា មន្ត្រីអាមេរិក បានជួបដោយសម្ងាត់ជាមួយសកម្មជនតស៊ូមតិដើម្បីឯករាជ្យភាពនៃខេត្ត Alberta ប្រទេសកាណាដា។

លោក Carney បាននិយាយថា យើងរំពឹងថារដ្ឋបាលសហរដ្ឋអាមេរិក នឹងគោរពអធិបតេយ្យភាពកាណាដា ហើយលោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងមិនមានគំនិតបែបនេះទេ។

នាយករដ្ឋមន្ត្រីរូបនេះ បានបន្ថែមថា លោក ត្រាំ មិនដែលលើកឡើងពីបញ្ហានៃការបំបែកខេត្ត Alberta ដែលជាខេត្តមួយដែលមានព្រំប្រទល់ជាប់សហរដ្ឋអាមេរិកនៅក្នុងការសន្ទនាជាមួយកាណាដាទេ។

លោក Carney អះអាងថា លោក មិនដែលសម្តែងការព្រួយបារម្ភលើបញ្ហាដែលខេត្ត Alberta នេះ ត្រូវបំបែកទៅឱ្យរដ្ឋបាលសហរដ្ឋអាមេរិកនោះទេ។

យោងតាមកាសែត Financial Times (FT) រាយការណ៍ថា ថ្នាក់ដឹកនាំនៃគម្រោង Alberta Prosperity Project របស់ក្រុមអ្នកបំបែកខ្លួនស្តាំនិយម Alberta បានជួបជាមួយតំណាងក្រសួងការបរទេសនៅទីក្រុងវ៉ាស៊ីនតោនចំនួន ៣ ដងចាប់តាំងពីខែមេសា ឆ្នាំមុន។

ប្រភពព័ត៌មាន អះអាងថា តំណាងចលនានេះក៏កំពុងស្វែងរកការរៀបចំកិច្ចប្រជុំមួយផ្សេងទៀតនៅក្នុងខែកុម្ភៈ រួមទាំងជាមួយមន្ត្រីមកពីក្រសួងរតនាគារសហរដ្ឋអាមេរិកផងដែរ ក្នុងអំឡុងពេលនោះពួកគេមានបំណងស្នើសុំប្រាក់កម្ចីចំនួន ៥០០ ពាន់លានដុល្លារពីភាគីសហរដ្ឋអាមេរិក ដើម្បីផ្តល់ហិរញ្ញប្បទានដល់ខេត្តនេះ ក្នុងករណីមានការបោះឆ្នោតប្រជាមតិឯករាជ្យដោយជោគជ័យ។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ពីទំនាក់ទំនងជាប្រចាំជាមួយតំណាងសង្គមស៊ីវិល ដោយសង្កត់ធ្ងន់ថា មិនមានការប្តេជ្ញាចិត្តណាមួយត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំបែបនេះទេ នេះបើតាមការកត់សម្គាល់របស់ FT។

ទោះជាយ៉ាងណា សេតវិមាន ក៏បានបញ្ជាក់ផងដែរថា ខ្លួនមិនបានផ្តល់ការគាំទ្រដល់គំនិតផ្តួចផ្តើមរបស់ចលនានេះទេ ហើយក៏មិនបានផ្តល់ការធានាណាមួយដល់ពួកគេដែរ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ធ្លាប់បានអំពាវនាវឱ្យប្រទេសកាណាដាចូលរួមជារដ្ឋទី ៥១ របស់សហរដ្ឋអាមេរិក។ អាជ្ញាធរកាណាដា បានបដិសេធម្តងហើយម្តងទៀតចំពោះការចូលរួមជាមួយសហរដ្ឋអាមេរិក៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment