ប៉ូលិសបាននិយាយថា ករណីប្លន់កាលពីម្សិលមិញនៅក្រុងតូក្យូក្រុមចោរបានប្លន់យកលុយចំនួន ៤២០ លានយ៉េន ដែលមានតម្លៃប្រហែល ២.៧ លានដុល្លារ។

អាជ្ញាធរ បានឲ្យដឹងថា ជនដៃដល់បានប្រើប្រាស់សារធាតុថ្នាំបាញ់ម្រេច និងរឹបអូសយកកាបូបដាក់លុយពីមនុស្ស ៥ នាក់នៅក្នុងសង្កាត់ Higashi Ueno នៃក្រុងតូក្យូ។
ចំណែកជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ក្រុមចោរបានមកប្លន់ខណដែលជនរងគ្រោះកំពុងយកលុយដាក់ក្នុងរថយន្ត ក្រុមចោរបានធ្វើសកម្មភាពប្លន់តែម្តង ក្រោយមកពួកគេបានរត់គេចខ្លួនដោយយកវ៉ាលីលុយទៅជាមួយ។
ក្រុមចោរប្លន់ មានអាយុពី ២០ ដល់ ៤០ឆ្នាំ ហើយរួមមានជនជាតិចិន និងជប៉ុនផងដែរ។
ប៉ូលិស បានអះអាងថា មកដល់ពេលនេះមិនទាន់មានការចាប់ខ្លួនជនសង្ស័យនៅឡើយទេ។ ជនសង្ស័យម្នាក់ត្រូវគេជឿថាជាបុរសមានកម្ពស់១៧០សង់ទីម៉ែត្រពាក់មួកប៉ាក់ពណ៌ខ្មៅ អាវខ្មៅ និងខោខ្មៅ ។ក្រោយពេលកើតហេតុភ្លាមៗ ចម្ងាយប្រហែល១០០ម៉ែត្រ ភាគអាគ្នេយ៍នៃកន្លែងកើតហេតុ ក៏មានបុរសវ័យ៥០ឆ្នាំម្នាក់ ត្រូវបានរថយន្តដឹកអ្នកដំណើរ បុក និងរងរបួសស្រាល។ ចំណែករថយន្តបានរត់គេចខ្លួនបាត់ស្រមោល ហើយក្រោយមកឃើញមានរថយន្តម៉ាកឡិចស៊ីស ពណ៌ខៀវ ទុកចោលនៅក្បែរនោះ ។
ប៉ូលិសកំពុងស៊ើបអង្កេតថា តើឧប្បត្តិហេតុទាំងពីរនេះមានទំនាក់ទំនងគ្នាឬយ៉ាងណា៕

ដោយ៖ ពេជ្រ
