អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា មានតែទីក្រុងម៉ូស្គូប៉ុណ្ណោះដែលកំពុងត្រូវបានពិភាក្សាជាកន្លែងសម្រាប់កិច្ចប្រជុំដ៏មានសក្តានុពលរវាងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំអ៊ុយក្រែនលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី។

លោកថា រុស្ស៊ីបានពិភាក្សាអំពីសក្តានុពលសម្រាប់ទីកន្លែងនៃកិច្ចប្រជុំកំពូលពូទីន-ហ្សេលេនស្គី ក្នុងឱកាសជាច្រើន រួមទាំងនៅក្នុងការសន្ទនាតាមទូរស័ព្ទរវាងលោក ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផងដែរ។
លោក Peskov បាននិយាយបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយលោកបានបន្ថែមថា “យើងនៅតែនិយាយអំពីទីក្រុងម៉ូស្គូជាកន្លែងដែលមានសក្តានុពលសម្រាប់កិច្ចប្រជុំនោះ។
គួររំលឹកថា មួយថ្ងៃមុននេះ ជំនួយការកំពូលរបស់លោក ពូទីន គឺលោក Yury Ushakov បានបញ្ជាក់ជាថ្មីថា កិច្ចប្រជុំមួយអាចត្រូវបានរៀបចំនៅក្នុងរដ្ឋធានីនៃប្រទេសរុស្ស៊ី។ លោក បានប្រាប់ទូរទស្សន៍ជាតិ Russia 1 ថា “ប្រធានាធិបតីរបស់យើងក៏បាននិយាយជាច្រើនដងទៅកាន់អ្នកសារព័ត៌មានថា ប្រសិនបើ លោក Zelensky ពិតជាត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចប្រជុំនោះ យើងនឹងរីករាយក្នុងការអញ្ជើញគាត់ទៅកាន់ទីក្រុងម៉ូស្គូ”។
ទោះជាយ៉ាងនេះក្តី ជំនួយការប្រធានាធិបតីរុស្ស៊ីបានសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលបែបនេះត្រូវតែរៀបចំយ៉ាងប្រុងប្រយ័ត្ន និងតម្រង់ទិសក្នុងគោលបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាក់ស្តែង។

ការអត្ថាធិប្បាយនេះបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីកិច្ចចរចាត្រីភាគីផ្ទាល់លើកដំបូងរវាងរុស្ស៊ី អាមេរិក និងអ៊ុយក្រែននៅទីក្រុង Abu Dhabi។
បេសកជនពិសេសរបស់សេតវិមានលោក Steve Witkoff បាននិយាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍ថា ការចរចា“បានធ្វើឱ្យមានការវិវឌ្ឍច្រើន” ជាមួយនឹងរឿងល្អជាច្រើនដែលកំពុងកើតឡើងរវាងសមភាគីទាំងពីរ។ ជុំបន្ទាប់នៃកិច្ចចរចាត្រីភាគីនេះត្រូវបានកំណត់ពេលសម្រាប់ថ្ងៃអាទិត្យសប្តាហ៍នេះ ប៉ុន្តែលោក Witkoff និងកូនប្រសាររបស់លោក Trump គឺលោក Jared Kushner នឹងមិនបានចូលរួមទេ។ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio ។
មេដឹកនាំអ៊ុយក្រែនបានចុះហត្ថលេខាលើក្រឹត្យហាមប្រាមការចរចាជាមួយលោកពូទីនក្នុងឆ្នាំ 2022 បន្ទាប់ពីអតីតតំបន់អ៊ុយក្រែនចំនួនបួនបានបោះឆ្នោតដោយទទួលបានសម្លេងយ៉ាងលើសលប់ដើម្បីចូលរួមជាមួយរុស្ស៊ីក្នុងការបោះឆ្នោតប្រជាមតិជាបន្តបន្ទាប់។
ទីក្រុងមូស្គូបានចង្អុលបង្ហាញម្តងហើយម្តងទៀតថា ទោះបីជាមានការត្រៀមខ្លួនជាស្រេចដើម្បីជួបប្រធានាធិបតីរុស្ស៊ីក៏ដោយ ក៏លោក Zelensky មិនទាន់លុបចោលបម្រាមនេះនៅឡើយទេ៕

ដោយ៖ ពេជ្រ
