បន្ទាយមានជ័យ ៖ នៅសាលប្រជុំ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ បានបើកសន្និបាតបូកសរុប និងវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅឆ្នាំសិក្សា២០២៥-២០២៦ នៅព្រឹក ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២៦ ដោយមានការចូលរួម លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព នានាជុំវិញខេត្តលោកអភិបាល ក្រុងសិរីសោភ័ណ តំណាងអង្គការក្រៅរដ្ឋាភិបាល លោក លោកស្រី ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងមន្ត្រីរាជការអប់រំគ្រប់លំដាប់ថ្នាក់សមាជិក សមាជិកា ជាច្រើននាក់។

លោក ឈូ ប៊ុនរឿង បានធ្វើការ វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ អស់លោក លោកស្រី ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងមន្ត្រីរាជការទាំងអស់ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងអង្គការដៃគូអភិវឌ្ឍន៍វិស័យអប់រំ ដែលបានបន្តយកចិត្តទុកដាក់ខ្ពស់ និងជួយឧបត្ថម្ភគាំទ្រ ទាំងសម្ភារៈ ថវិកា និងបច្ចេកទេស សំដៅលើកកម្ពស់គុណភាពអប់រំ និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលធនធានមនុស្ស ជាមួយនឹងសមិទ្ធផលជាច្រើនទៀត ក្នុងការអភិវឌ្ឍវិស័យអប់រំក្នុងខេត្តរយៈពេលពេញ១ឆ្នាំ កន្លងមកនេះ។
លោក ឈូ ប៊ុនរឿង បានបញ្ជាក់ថា៖សមិទ្ធផលទាំងនេះកើតមានឡើងដោយបានការចូលរួមយ៉ាងសកម្មពី លោក លោកស្រី សាស្ត្រាចារ្យ លោក គ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្សទាំងអស់ ដែលបានខិតខំបង្រៀន និងបញ្ចូនកូនមករៀនគ្រប់ៗគ្នា ដើម្បីឆ្លើយតបនូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ទៅលើវិស័យអប់រំ ដែលជាវិស័យអាទិភាពមួយដ៏សំខាន់ ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកធនធាន មនុស្សជាអាទិភាពទី១ ដែលជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ ព្រមទាំងការអភិវឌ្ឍវិស័យដ៏ទៃទៀត។

លោក យឹម សំណាង បានកោតសរសើរចំពោះ មន្ត្រីរាជការ និងថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ នៅគ្រប់ភូមិសិក្សា និងបណ្តាអនុវិស័យទាំង ៦ ដែលបានខិតខំយ៉ាងស្វិតស្វាញ ដើម្បីរួមចំណែកបំពេញការងារជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ លើការងារអប់រំទាំងមូល មានការរីកចម្រើនជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់ទាំង បរិមាណ និងគុណភាព។ក្នុងនាមានការរីកដុះដាលយ៉ាងខ្លាំង នៃសាលារៀន និងចំនួនសិស្ស និស្សិត ចុះឈ្មោះ ចូលរៀននៅគ្រប់ភូមិសិក្សាទាំងផ្នែកសាធារណៈ និងផ្នែកឯកជន ជោគជ័យទាំង នេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ដល់ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សឲ្យឆ្លើយតបទៅនឹងទីផ្សារ ការងារ ក៏ដូចជារួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រែក្លាយប្រទេសជាតិយើងឲ្យទៅជាប្រទេសចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ខាងមុខនេះ ។
លោក យឹម សំណាង បានបន្តទៀតថា លោកមានជំនឿថា លោក លោកស្រី ដែលមានវត្តមាននៅទីនេះ ដែលអញ្ជើញមកពី ស្រុក-ក្រុងទាំង៩និងជាតំណាងឲ្យ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ទូទាំងខេត្ត រួមជាមួយដៃគូអភិវឌ្ឍន៍ នឹងចូលរួមយ៉ាងផុសផុល ដើម្បីចែករំលែកបទពិសោធន៍ល្អៗ និងពិភាក្សាផ្លាស់ប្តូរយោបល់ សំដៅរកឲ្យឃើញនូវ ចំណុចខ្លាំង និងចំណុច ខ្សោយ ព្រមទាំងបញ្ហាប្រឈមនានា ក្នុងវិស័យអប់រំ ជាពិសេសពាក់ព័ន្ធនឹងប្រធានបទ ទាំង ៦ នេះ ៕






