ខេត្តរតនគិរី ៖ ការដាំដំណាំកាហ្វេកំពុងក្លាយជាជម្រើសកសិកម្មថ្មីមួយដែលមានសក្តានុពលខ្ពស់នៅក្នុងខេត្តរតនគិរី ខណៈកសិករមួយចំនួនបានចាប់ផ្តើមវិនិយោគលើដំណាំនេះ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទីផ្សារទាំងក្នុងនិងក្រៅខេត្ត។

លោក ឆេង ឡុក អាយុជាង ៦០ឆ្នាំ ជាកសិករម្នាក់រស់នៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង បានឲ្យដឹងថា លោកបានដាំដំណាំកាហ្វេលើផ្ទៃដីប្រមាណ ៣ហិកតា មករយៈពេលជាង ៦ ខែមកហើយ។ ទោះបីជាដំណាំកាហ្វេត្រូវការពេលវេលាយូរពី ៣ ឆ្នាំឡើងទៅ ទើបអាចទទួលបានផលល្អ និងប្រមូលផលបានក៏ដោយ ប៉ុន្តែលោកយល់ថា វាជាដំណាំដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ និងមានទីផ្សារច្បាស់លាស់។
លោកបន្តថា ពូជកាហ្វេដែលលោកបានយកមកដាំ គឺនាំចូលពីប្រទេសក្រៅ ដូចជា ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ដែលជាពូជកាហ្វេហូប មានរសជាតិឈ្ងុយឆ្ងាញ់ ងាយស្រួលផឹក និងស្របតាមចំណូលចិត្តអ្នកប្រើប្រាស់។
បច្ចុប្បន្ន កាហ្វេដែលលោកផលិតបាន ត្រូវបានលក់នៅក្នុងស្រុកជាចម្បង ដោយមានតម្លៃប្រមាណ ៥,០០០ ដុល្លារ ក្នុងមួយតោន ដែលជាតម្លៃមួយអាចទទួលយកបានសម្រាប់កសិករ។
ក្រៅពីការដាំកាហ្វេ លោក ឆេង ឡុក ក៏បានបង្កើតការបណ្ដុះកូនកាហ្វេលក់ផងដែរ ដើម្បីបំពេញតម្រូវការរបស់បងប្អូនប្រជាកសិករ ដែលមានចំណាប់អារម្មណ៍ចង់ដាំដំណាំកាហ្វេ។

លោកអះអាងថា កូនកាហ្វេដែលលោកលក់ មានតម្លៃសមរម្យ និងមានប្រភពពូជច្បាស់លាស់ ព្រមទាំងអាចទៅមើលផ្ទាល់នៅទីតាំងដាំដុះក្នុងភូមិ,ឃុំខាងលើបានផងដែរ។
ជាមួយគ្នានេះ លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី បានបញ្ជាក់ថា បច្ចុប្បន្ន ខេត្តរតនគិរីមានផ្ទៃដីដាំកាហ្វេសរុបប្រមាណ ៤៤ ហិកតា ក្នុងនោះ ផ្ទៃដីដែលអាចប្រមូលផលបានមានចំនួន ៦,៥ ហិកតា និងទទួលបានបរិមាណផលប្រមាណ ១៣,៩៨ តោន។
លោកបន្ថែមថា តម្លៃគ្រាប់កាហ្វេស្ងួតនៅលើទីផ្សារបច្ចុប្បន្ន មានចាប់ពី ៤ ទៅ ៦ ដុល្លារ ក្នុងមួយគីឡូក្រាម ដោយអាស្រ័យទៅលើប្រភេទ និងគុណភាពកាហ្វេ។
ការកើនឡើងនៃការដាំកាហ្វេនេះ ត្រូវបានមន្ទីរមើលឃើញថា ជាឱកាសល្អសម្រាប់លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករ និងជំរុញការអភិវឌ្ឍវិស័យកសិកម្មក្នុងខេត្តរតនគិរីឲ្យកាន់តែរីកចម្រើន៕


