វគ្គបណ្តុះបណ្តាលអប់រំបេតិកភណ្ឌ បណ្ដុះស្មារតីកុមារឱ្យស្គាល់ និងស្រឡាញ់​វប្បធម៌ មរតកដូនតា

អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការ មរតកវប្បធម៌ខ្មែរ (KHMER HERITAGE ORGANIZATION) ហៅកាត់ថា (KHO) បានបន្តរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី ការអប់រំបេតិកភណ្ឌ​ដល់សិស្សានុសិស្សនៃសាលាបឋមសិក្សា តាប៉ាង។ កម្មវិធីនេះធ្វើឡើងសម្រាប់សិស្សថ្នាក់ទី៥ ដែលមានចំនួន២ថ្នាក់ សរុបចំនួន ៧០នាក់ ក្នុងនោះស្រី ២៤នាក់។

នាយិការងសាលាបឋមសិក្សា តាប៉ាង លោកស្រី ខឿន សំណាង ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអប់រំបេតិកភណ្ឌ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានបង្ហាញអារម្មណ៍រីករាយ ដែលឆ្នាំនេះគម្រោងបានចូលមកដល់សាលារបស់លោកស្រី។ សម្រាប់លោកស្រីនាយិការង កម្មវិធីអប់រំបេតិកភណ្ឌនេះមានសារសំខាន់ខ្លាំងណាស់​សម្រាប់សិស្សានុសិស្ស ក្នុងការយល់ដឹងពីវប្បធម៌ ប្រពៃណី និងមរតកបេតិកភណ្ឌជាតិសំខាន់ៗ​ដែលកូនខ្មែរគ្រប់រូបត្រូវដឹង និងចងចាំ។

លោកស្រី ខឿន សំណាង បានលើកឡើងយ៉ាងដូច្នេះថា៖« ខ្ញុំមានមោទនភាពខ្លាំងណាស់សម្រាប់កម្មវិធី ដើម្បីឱ្យមជ្ឈដ្ឋានរបស់ខ្ញុំបានទទួលចំណេះដឹងថែមទៀតឱ្យកាន់តែច្បាស់ ព្រោះអីពាក្យស្លោកមួយបានពោលថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន។ ចំណុចនេះខ្ញុំចង់បានបំផុតដើម្បីអនាគតដល់យុវជន យុវតីខ្មែរទាំងអស់ឱ្យស្គាល់នូវអ្វីវប្បធម៌ខ្មែរ អ្វីជាទ្រព្យសម្បត្តិខ្មែរ កុំឱ្យបរទេសឈ្លានពានចង់បាន»។

លោក អុឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា កម្មវិធីអប់រំបេតិកភណ្ឌនេះ ផ្តោតលើចំណេះដឹងទូទៅអំពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្មែរ ដែលសិស្សទាំងអស់ត្រូវសិក្សារយៈពេលពេញមួយឆ្នាំ។ លោកបន្តថា ក្រៅពីសិក្សាទ្រឹស្តី សិស្សានុសិស្សទាំងអស់ ក៏នឹងចុះកម្មសិក្សាទៅតាមប្រាសាទមួយចំនួនក្នុងតំបន់អង្គរផងដែរ។

សូមជម្រាបថា កម្មវិធីអប់រំបេតិកភណ្ឌ បានចាប់ផ្តើមនៅឆ្នាំ២០០៧ ក្នុងបំណងឱ្យសិស្សានុសិស្ស ក្នុងតំបន់អង្គរ​ បាន​យល់​ដឹង​ពី​តម្លៃ​នៃ​កេរមរតកដូនតា​ដែល​បាន​បន្សល់​ទុក ​ព្រម​ទាំង​រៀប​ចំ​ខ្លួនសម្រាប់​ធ្វើ​ជា​អ្នក​បន្ត​វេន​​អភិរក្ស និង​ថែ​រក្សា​មរតកដ៏​មាន​តម្លៃ​ទាំង​នោះ ​ឱ្យ​គង់​វង្ស​យូរ​អង្វែង​ត​ទៅ​ទៀត​។​ កម្មវិធីនេះ ​រៀបចំតាមសាលាបឋមសិក្សាមួយចំនួនក្នុ្ងងតំបន់អង្គរ រួមមាន៖ សាលាបឋមសិក្សា ក្របីរៀល សាលាបឋមសិក្សាបាគង សាលាបឋមសិក្សាវត្តលលៃ សាលាបឋមសិក្សា តាប៉ាង និងវិទ្យាល័យ ហ៊ុន សែន ​​ប្រាសាទ​បាគង​៕

Written by 

Related posts

Leave a Comment