ទីភ្នាក់ងារសារព័ត៌មានក្យូដូ រាយការណ៍ថា កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ឆ្ពោះទៅសមុទ្រជប៉ុន នៅថ្ងៃអង្គារនេះ។

ប្រភពពីព័ត៌មាន បានឱ្យដឹងថា គ្រាប់មីស៊ីលទាំងនោះធ្លាក់ចូលទៅក្នុងសមុទ្រជប៉ុន ដោយនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសតែម្ដង។
ទន្ទឹមនោះ ឆ្មាំសមុទ្រជប៉ុន ក៏បានរាយការណ៍ពីការបាញ់មីស៊ីលដោយកូរ៉េខាងជើងនេះផងដែរ ហើយបានជំរុញឱ្យនាវាទាំងអស់នៅក្នុងតំបន់ជូនដំណឹងដល់អាជ្ញាធរ ប្រសិនបើរងផលប៉ះពាល់ពីកម្ទេចកម្ទីទាំងនោះ។
មិនមានរបាយការណ៍អំពីអ្នកស្លាប់ និងរបួស ឬការខូចខាតនោះទេ។ ក្រសួងការពារជាតិជប៉ុន និងការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី Sanae Takaichi កំពុងធ្វើការដើម្បីប្រមូលព័ត៌មានអំពីការបាញ់មីស៊ីលនេះ៕

ដោយ៖ ពេជ្រ
