គេហទំព័រ Middle East Eye រាយការណ៍ថា សហរដ្ឋអាមេរិក កំពុងពិចារណាលទ្ធភាពនៃការវាយប្រហារយ៉ាងជាក់លាក់ប្រឆាំងនឹងអ៊ីរ៉ង់។

របាយការណ៍ បានឱ្យដឹងថា ផែនការនេះរួមមានគោលដៅទៅលើមន្ត្រី និងមេបញ្ជាការអ៊ីរ៉ង់ ដែលទីក្រុងវ៉ាស៊ីនតោន អះអាងថាមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ក្រុមបាតុករ។
យោងតាមប្រភពពីគេហទំព័រខាងលើ បញ្ជាក់ថា សហរដ្ឋអាមេរិក អាចកំណត់គោលដៅវាយប្រហារលើអ៊ីរ៉ង់ នៅសប្តាហ៍នេះ បើទោះបីជាពេលវេលានៃការវាយប្រហារនៅតែកំពុងត្រូវបានពិភាក្សាក៏ដោយ។
អតីតមន្ត្រីចារកម្មអាមេរិកម្នាក់ បានប្រាប់ថា លោក ត្រាំ នឹងមិនបោះបង់ផែនការប្ដូររបប នៅទីក្រុងតេហេរ៉ង់ ដោយងាយៗនោះទេ។

ដោយឡែក បើតាមសារព័ត៌មាន Axios រាយការណ៍ថា លោក ត្រាំ បានបញ្ជូនកងកម្លាំងជើងទឹកមួយក្រុមធំទៅជិតអ៊ីរ៉ង់ ហើយលោក ជឿថា ទីក្រុងតេអេរ៉ង់ ត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួម និងធ្វើកិច្ចព្រមព្រៀងដែលអាចកើតមានជាមួយទីក្រុងវ៉ាស៊ីនតោន។
អ្នកនាំពាក្យក្រសួងការបរទេសលោក Esmail Baghaei បាននិយាយថា យោធាអ៊ីរ៉ង់ កំពុងតាមដានសកម្មភាពយោធាទាំងអស់របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ហើយកំពុងចាត់វិធានការយ៉ាងសកម្មដើម្បីពង្រឹងការការពារខ្លួន៕

ដោយ៖ ពេជ្រ
