តំណាងចិនដាស់តឿនឱ្យជប៉ុនពិចារណានិងកែតម្រូវកំហុសរបស់ខ្លួន

ខណៈពេលថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំជជែកដេញដោលបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីការគ្រប់គ្រងដោយផ្អែកលើច្បាប់នៃអន្តរជាតិនៅថ្ងៃទី២៦ខែមករា លោកFu Cong តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានដាស់តឿនឱ្យជប៉ុនពិចារណាឡើងវិញពីកំហុសឆ្គងនិងលុបចោលពាក្យសម្តីខុសឆ្គងលោកស្រីSanae Takaichiនាយករដ្ឋមន្ត្រីជប៉ុនទាក់ទងបញ្ហាតៃវ៉ាន់។

លោកFu Cong បានថ្លែងថា ថ្មីៗនេះ លោកស្រីSanae Takaichiនាយករដ្ឋមន្ត្រីជប៉ុនបានធ្វើផ្ទុយពីចរន្តនៃប្រវត្តិសាស្ត្រ ដោយផ្សារភ្ជាប់បញ្ហាតៃវ៉ាន់ជាមួយ”ស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិត”របស់ជប៉ុនយ៉ាងកម្រោល ហើយបញ្ចេញសញ្ញាខុសឆ្គងថា ប្រហែលនឹងជ្រៀតជ្រែកបញ្ហាតៃវ៉ាន់ដោយកម្លាំងអាវុធ ព្រមទាំងបដិសេធមិនព្រមលុបចោលពាក្យសម្តីដ៏ខុសឆ្គងនេះ។

លោកFu Congបានលើកឡើងថា ការវិលត្រឡប់របស់តៃវ៉ាន់ចូលប្រទេសចិនវិញ គឺជាលទ្ធផលជ័យជម្នះនៃសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស និងជាផ្នែកដ៏សំខាន់នៃសណ្តាប់ធ្នាប់អន្តរជាតិក្រោយពីសង្គ្រាមលោកលើកទី២។ ពាក្យសម្តីដ៏ខុសឆ្គងរបស់លោកស្រីSanae Takaichiបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនយ៉ាងគឃ្លើន ល្មើសកាតព្វកិច្ចអន្តរជាតិរបស់ប្រទេសជប៉ុនដែលជាប្រទេសចាញ់សង្រ្គាមលោកលើកទី២ រំលោភបំពានយ៉ាងកម្រោលលើសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់អន្តរជាតិ និងរំលោភយ៉ាងធ្ងន់ធ្ងរលើក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិដែលចាត់ទុកកម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិជាមូលដ្ឋាន។ ប្រទេសចិនដាស់តឿនឱ្យប្រទេសជប៉ុនប្រកាន់ឥរិយាបថត្រឹមត្រូវចំពោះប្រវត្តិសាស្ត្រ ពិចារណានិងកែតម្រូវកំហុសរបស់ខ្លួន ដើម្បីផ្តល់ចម្លើយដែលមានភាពទទួលខុសត្រូវជូនសហគមន៍អន្តរជាតិតាមរយៈសកម្មភាពជាក់ស្តែង៕

Written by 

Related posts

Leave a Comment