ហាម៉ាស យល់ព្រមរំសាយអាវុធ និងប្រគល់ផែនទីផ្លូវរូងក្រោមដីទៅឱ្យអាមេរិក

ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បានយល់ព្រមឱ្យមានការដកហូតអាវុធខ្លួនជាថ្នូរនឹងការឆ្លងកាត់ដោយសេរីចេញពីហ្គាហ្សា សម្រាប់មេដឹកនាំរបស់ខ្លួន។

សារព័ត៌មាន Sky News Arabia ដោយដកស្រង់ពីប្រភពប៉ាឡេស្ទីនអនាមិកម្នាក់ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ហាម៉ាស បានប្រគល់អាវុធ និងផែនទីមួយចំនួននៃបណ្តាញផ្លូវរូងក្រោមដីរបស់ខ្លួនទៅឱ្យសហរដ្ឋអាមេរិករួចហើយ តាមរយៈ “យន្តការមួយដែលមិនទាន់ត្រូវបានបង្ហាញ”។

ជាថ្នូរវិញ សហរដ្ឋអាមេរិ កបានផ្តល់ការធានាថា ក្រុមហាម៉ាសនឹងត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងនយោបាយនៅហ្គាហ្សា ហើយមន្ត្រីរាជការ និងមន្ត្រីប៉ូលីសមួយចំនួនរបស់ខ្លួននឹងត្រូវបានអនុញ្ញាតឱ្យធ្វើការឱ្យរដ្ឋបាលថ្មី ដោយឆ្លងកាត់ការត្រួតពិនិត្យសន្តិសុខអ៊ីស្រាអែល-អាមេរិក។

ប្រភព អះអាងថា មេដឹកនាំរបស់ហាម៉ាស នឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពីហ្គាហ្សា ដោយសហរដ្ឋអាមេរិកធានាពួកគេថា អ៊ីស្រាអែល នឹងមិនកំណត់គោលដៅទៀតនោះទេ។

ទោះជាយ៉ាងណា ទាំងហាម៉ាស និងសហរដ្ឋអាមេរិក មិនបានធ្វើអត្ថាធិប្បាយលើរបាយការណ៍នោះទេ។ អ៊ីស្រាអែលក៏មិនបានឆ្លើយតបដែរ ប៉ុន្តែប្រភពបាននិយាយថា “អ៊ីស្រាអែល មានការសង្ស័យយ៉ាងសំខាន់អំពីការយោគយល់មួយចំនួននេះ” ជាពិសេសឃ្លាដែលអនុញ្ញាតឱ្យហាម៉ាសនៅតែមានសកម្មភាពខាងនយោបាយនៅហ្គាហ្សា។ ពេញមួយសង្គ្រាមរយៈពេល ២ ឆ្នាំរបស់អ៊ីស្រាអែលលើតំបន់នេះ លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បញ្ជាក់ម្តងហើយម្តងទៀតថានឹងបំផ្លាញក្រុមហាម៉ាសចោលទាំងស្រុង៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment