ប្រជាពលរដ្ឋរិះគន់ថៅកែផែស្ងួត” ដារលីង”ដែលហ៊ានបិទផ្លូវខ្សែក្រវ៉ាត់ព្រំដែនធ្វើទីតាំងផ្ទេរទំនិញនៅឃុំថ្មីស្រុកកំពង់រោទ៌

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែនបានធ្វើការរិះគន់ចំៗថាពិតជាថ្លើមធំមែនម្ចាស់ផែស្ងួតដារលីងយកផ្លូវខ្សែក្រវ៉ាត់ព្រំដែនធ្វើជាទីតាំងផ្ទេរទំនិញ ហើយបានដាក់បារ៉ាស់បិទផ្លូវមិនឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទៀត ដោយដាក់មន្រ្តីនគរបាលអន្តោប្រវេសន្ត៍ច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល័មកយាមកាមយ៉ាងតឹងរឹងថែមទៀត។ ប៉ុន្តែមិនដឹងថាក្នុងផែស្ងួតដារលីងនោះមានទំនិញបិទបាំងឬយ៉ាងណានោះទេ។

ប្រភពខាងលើបានរាយការណ៍ប្រាប់អ្នកសារព័ត៌មានបែបនេះកាលវេលាម៉ោង១១,០៥នាទីព្រឹកថ្ងៃទី២៣ខែមករា ឆ្នាំ២០២៦នៅចំណុចភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទ៌។ប្រភពនោះបានឲ្យដឹងថា រយៈពេល២ខែមកហើយ ម្ចាស់ផែស្ងួតដារលីង បានរំលោភយកផ្លូវក្រវ៉ាត់ព្រំដែន ដែលជាផ្លូវយុទ្ធសាស្រ្តយកទៅធ្វើទីតាំងផ្ទេរទំនិញឯកជន ហើយយកបារ៉ាស់បិទផ្លូវ
មិនឲ្យប្រជាពលរដ្ឋធ្វើដំណើរតាមម៉ូតូនិងរថយន្ត គោយន្តឆ្លងកាត់ទេ ដោយគេដាក់មន្ត្រីនគរបាលអន្តោប្រវេសន្ត៍ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្ល័ដាក់ប៉ុស្ត៍យាមកាមយ៉ាងតឹងរឹងបំផុតថែមទៀត។

យ៉ាងណាក៏ដោយប្រជាពលរដ្ឋដាក់ជាចម្ងល់ថា ម្ចាស់ផែស្ងួតដារលីងនេះជាអ្នកណាទើបហ៊ានបិទផ្លូវខ្សែក្រវ៉ាត់ព្រំដែនធ្វើទីតាំងផ្ទេរទំនិញ ហើយយកមន្ត្រីនគរបាលអន្តោប្រវេសន្ត៍ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្ល័ចំនួន០២ទៅ៣នាក់មកយាមកាម ទៀតបែបនេះ។ 

បើតាមសមត្ថកិច្ចនគរបាលវរៈការពារព្រំដែនប្រចាំការនៅតាមបន្ទាត់ព្រំដែនចំណុចបង្គោលព្រំដែនលេខ២១៣ បានប្រាប់អ្នកសារព័ត៌មានយើងថា កុំថាឡើយប្រជាពលរដ្ឋសូម្បីតែ រូបលោកជាសមត្ថកិច្ចការពារព្រំដែនគេមិនឲ្យឆ្លងកាត់ផង ដោយគេយករបាំងដែកមកបិទផ្លូវ មិនឲ្យឆ្លងកាត់ ពីព្រោះម្ចាស់ផែ បានយកផ្លូវខ្សែក្រវ៉ាត់ព្រំដែនធ្វើជាទីតាំងផ្ទេរទំនិញ នាំចូលនិងទំនិញនាំចេញទៅប្រទេសវៀតណាម ហើយគេ សង្ស័យជាទំនិញគេចពន្ធខុសច្បាប់ទើបមានការយាមកាមតឹងរឹងបែបនេះ។

ប្រភពបន្តថា ផែស្ងួតដារលីង នេះគឺគេឃើញរថយន្តដឹកទំនិញធំៗបិទជិតនិងរថយន្តសណ្តោងរ៉ឺម៉កកុងតឺន័រឆ្លងដែនពីប្រទេសវៀតណាមចូលមកផ្ទេរទំនិញនៅចំណុចផ្លូវខ្សែក្រវ៉ាត់ព្រំដែននេះមិនដែលឃើញមានស្ថាបន័ជំនាញមានសមត្ថកិច្ចចុះមកពិនិត្យនោះទេ។

ទាក់ទិនករណីនេះអ្នកសារព័ត៌មានយើង មិនអាចរកការបំភ្លឺ ពីលោក គឹម កញ្ញារ៉ា នាយប៉ុស្ត៍ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្ល័បានទេ នៅព្រឹកថ្ងៃទី២៣មករានេះ៕

Written by 

Related posts

Leave a Comment