សមាជិកនាវិក ២ នាក់ស្លាប់ ក្នុងហេតុការណ៍នាវាដឹកទំនិញបំពាក់ទង់ជាតិសិង្ហបុរី លិចនៅសមុទ្រចិនខាងត្បូងនៅថ្ងៃសុក្រនេះ ជិតតំបន់ Scarborough Shoal ។

ប្រទេសចិន និងហ្វីលីពីន បានចាប់ផ្តើមប្រតិបត្តិការជួយសង្គ្រោះ បន្ទាប់ពីទទួលបានរបាយការណ៍អំពីនាវាដឹកទំនិញដែលមានបញ្ហានៅជិតតំបន់ Scarborough Shoal នេះ។
យោធាចិន បានឱ្យដឹងថា សមាជិកនាវិកសរុបចំនួន ១៧ នាក់ ត្រូវបានជួយសង្គ្រោះ ហើយ ២ នាក់ស្លាប់ បន្ទាប់ពីមានរបាយការណ៍នៅម៉ោងប្រហែល ១ និង ៣០ នាទីព្រឹកថ្ងៃសុក្រថា នាវាដឹកទំនិញមួយគ្រឿង លិចនៅក្នុងដែនទឹកក្បែរតំបន់ Scarborough Shoal។
ឆ្មាំសមុទ្រចិន បានបញ្ជូនយន្តហោះ និងនាវា ២ គ្រឿង សម្រាប់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនេះ។

យោងតាមរបាយការណ៍ បានរាយការណ៍ថា សមាជិកនាវិកម្នាក់ កំពុងសង្គ្រោះបន្ទាន់ ដោយបន្ថែមថា អាជ្ញាធរដែនសមុទ្រចិន ក៏កំពុងរៀបចំកម្លាំងសង្គ្រោះបន្ថែមដើម្បីធ្វើដំណើរទៅកាន់តំបន់នោះ។
ដោយឡែក ឆ្មាំសមុទ្រហ្វីលីពីន អះអាងថា ខ្លួនកំពុងដាក់ពង្រាយនាវា ២ គ្រឿង និងយន្តហោះ ២ គ្រឿង ដើម្បីជួយសង្គ្រោះក្រុមនាវិកហ្វីលីពីនស្ថិតនៅក្នុងនាវាដឹករ៉ែដែក ដែលមានទង់ជាតិសិង្ហបុរី កំពុងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងយ៉ាងជាំង ភាគខាងត្បូងប្រទេសចិន។
ទោះជាយ៉ាងណា អាជ្ញាធរ នៅមិនទាន់បានកំណត់អត្តសញ្ញាណក្រុមនាវិកទាំងអស់នៅឡើយទេ៕


ដោយ៖ ពេជ្រ
