មន្ត្រីអាជ្ញាធរនិងជំនាញចុះដោះស្រាយទំនាស់របស់សេវាករឯកជនករណីចែកវេនបញ្ជូនទឹកស្រោចស្រពស្រូវប្រាំងនៅឃុំប្រាសាទស្រុកព្រះនេត្រព្រះ

បន្ទាយមានជ័យ​៖លោកឡាយ សុធី  ប្រធានស្តីទីមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យ លោកហឿន វីរ: អភិបាលស្រុកព្រះនេត្រព្រះ កាលពីថ្ងៃទី១៩ខែមករាឆ្នាំ២០២៦ បានចុះសម្របសម្រួល អន្តរាគមន៍ ដោះស្រាយជាមួយមន្ត្រី អ្នកពាក់ព័ន្ធ មេឃុំ  មេភូមិទាំង១៤ភូមិជាតំណាងបងប្អូនកសិករសហគមន៍និងសេវាករ ដោយប្រជុំនៅសាលាឃុំប្រាសាទនិងពិនិត្យជាក់ស្តែងនៅប៉ែកខាងលិចនិងខាងត្បូងឃុំប្រាសាទដើម្បីការបែងចែកវេននាំទឹកស្រោចស្រពដំណាំស្រូវប្រាំងជូនកសិករនៅឃុំប្រាសាទស្រុកព្រះនេត្រព្រះ។

លោកហឿន វីរ:  អភិបាលស្រុកមានប្រសាសន៍ថា គោលបំណងនៃការអន្តរាគមន៍នេះ គឺដើម្បីឲ្យសេវាករទាំង២  បើកទឹកនិងបូមទឹកផ្តល់ដល់កសិករដើម្បីស្រោចស្រពស្រូវឲ្យទាន់ពេលនិងគ្រប់គ្រាន់លើគោលដៅដែលត្រូវការចាំបាច់ក្នុងចំណោមផ្ទៃដីស្រូវប្រាំងជាង៤.០០០ហិចតាក្នុងឃុំប្រាសាទនារដូវបង្កបង្កើនផលនេះ។

ឯលោកឡាយ សុធី ប្រធានស្តីទីមន្ទីរធនធានទឹកមានប្រសាសន៍ថា : ទន្ទឹមនឹងនេះ មន្ត្រីជំនាញ ក៏កំពុងសិក្សាលើការជីកប្រឡាយនាំទឹកថ្មីមួយខ្សែប្រវែង៤ ០០០ម ទំហំមាត់លើ៨ម៉ែត្រ ជម្រៅ១, ៥ម ដើម្បីនាំទឹកពីប្រឡាយមេ បង្ហូរទៅកាន់ដីស្រែដែលនឹងបង្កបង្កើនផលថ្មី នៅចំណុចព្រំប្រទល់តំបន់១និងតំបន់២ ម្តុំអាង៧៨ និងអាងដង្កៀមក្តាមដើម្បីស្រោចស្រពផ្ទៃស្រូវប្រាំងប្រមាណ៥ទៅ៧រយហិចតា។

លោកនឿម ណេត ភាគីសេវាករថ្មីបានប្រាប់ថា: ភាគីខ្លួនទើបវិនិយោគលើផ្នែកនេះ ហើយទទួលបានការអនុញ្ញាតិពីជំនាញធនធានទឹកនិងអាជ្ញាធរ ក៏ដូចការសាទរពីកសិករ។

ក្នុងនោះ លោកនឹងទទួលបន្ទុកជីកប្រឡាយថ្មី១ខ្សែប្រវែង៤ ០០០ម៉ែត្រផងដែរ ។

ចំណែកលោកលាន ប៊ុនឈឹក សេវាករចាស់បានប្រាប់ថា : ដោយបានការអនុញ្ញាតិច្បាប់ពីក្រសួងធនធានទឹកនិងអាជ្ញាធរ លោកបានផ្តួចផ្តើមវិនិយោគអស់ទុនយ៉ាងច្រើនលើសេវានាំទឹកនេះនិងជំរុញឲ្យកសិករធ្វើស្រែប្រាំងនេះដំបូងកាលពីឆ្នាំ២០១៩ ។

កសិករសហគមន៍ធ្វើស្រែវស្សានិងស្រែប្រាំង ទទួលបានទឹកស្រោចស្រពស្រូវ ហើយផលរបស់វាធ្វើអោយជីវភាពពួកគេប្រសើរឡើងជាលំដាប់។

ចំណែកលោកមាស ប៊ុនហ៊ឹក មេឃុំប្រាសាទមានប្រសាសន៍ថា: ទំនាស់ខ្លះៗរវាងសេវាករលោកលាន ប៊ុនឈឹកនិងសេវាករ លោកនៀម ណេត  មកពីការយល់ច្រឡំលើគ្នា ប៉ុន្តែឥឡូវនេះ ភាគីបានឯកភាពគ្នាចែកវេនម្តង១សប្តាហ៍ម្នាក់ក្នុងការនាំទឹក៕

Written by 

Related posts

Leave a Comment