ខេត្តរតនគិរី÷ ក្នុងបរិបទដែលគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមសង្គម និងប៉ះពាល់ដោយផ្ទាល់ដល់អាយុជីវិត សុខភាព និងសេដ្ឋកិច្ចគ្រួសារ លោក ឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានដាក់បញ្ជារយ៉ាងតឹងរឹង និងម៉ឹងម៉ាត់ដល់កម្លាំងនគរបាលជំនាញគ្រប់ផ្នែក ឲ្យបន្តពង្រឹងការផ្សព្វផ្សាយ អប់រំណែនាំ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកយ៉ាងសកម្ម ជាប់លាប់ និងមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់វិន័យចរាចរណ៍ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋនៅទូទាំងខេត្តរតនគិរី។

ការបញ្ជានេះ ត្រូវបានអនុវត្តស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត (Police General Sar Theth) អគ្គស្នងការនគរបាលជាតិ ព្រមទាំងការចង្អុលណែនាំផ្ទាល់ និងការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់ស្នងការខេត្ត ដើម្បីធានាថាការអនុវត្តច្បាប់ប្រព្រឹត្តទៅដោយត្រឹមត្រូវ ស្មើភាព និងគ្មានការរើសអើង។
ជាក់ស្តែងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានចុះអនុវត្តការត្រួតពិនិត្យ និងវាស់ល្បឿនយានយន្តលើ ផ្លូវជាតិលេខ៧៨ ក្នុងក្រុងបានលុង ដោយអនុវត្តតាមនីតិវិធី ច្បាប់ និងបទបញ្ជាជាធរមាន ធានាភាពច្បាស់លាស់ និងតម្លាភាពក្នុងការអនុវត្ត។

លទ្ធផលនៃការត្រួតពិនិត្យ៖រថយន្តធន់ធំ ៥៥គ្រឿង រកឃើញល្មើសល្បឿន ២គ្រឿងរថយន្តធន់តូច ១៨គ្រឿង សុទ្ធតែល្មើសល្បឿនកំណត់ម៉ូតូ ១០៥គ្រឿង ត្រូវបានត្រួតពិនិត្យ ពាក់ព័ន្ធនឹងការមិនពាក់មួកសុវត្ថិភាព និងគ្មានកញ្ចក់មើលក្រោយ ក្រៅពីការអនុវត្តវិធានការតាមច្បាប់ កម្លាំងនគរបាលបានផ្តោតសំខាន់លើការអប់រំណែនាំ និងបង្កើនការយល់ដឹងដល់អ្នកបើកបរ ដោយពន្យល់អំពីហានិភ័យនៃការបើកបរលើសល្បឿន ការមិនគោរពផ្លាកសញ្ញាចរាចរណ៍ និងការមិនត្រួតពិនិត្យសភាពយានយន្តមុនចេញដំណើរ ដែលអាចបណ្តាលឲ្យកើតមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។
អ្នកបើកបររថយន្តទាំងធន់ធំ និងធន់តូច ត្រូវបានណែនាំឲ្យគោរពល្បឿនកំណត់ ជាពិសេសក្នុងទីប្រជុំជន តំបន់សាលារៀន និងតំបន់មានប្រជាជនរស់នៅច្រើន ខណៈអ្នកបើកបរម៉ូតូ ត្រូវមានផ្លាកលេខត្រឹមត្រូវ មានកញ្ចក់មើលក្រោយគ្រប់គ្រាន់ និងពាក់មួកសុវត្ថិភាពទាំងអ្នកបើក និងអ្នករួមដំណើរ ដើម្បីកាត់បន្ថយហានិភ័យ និងការបាត់បង់អាយុជីវិត។

លោក ឧត្តមសេនីយ៍ទោ អ៊ុង សុភាព បានបញ្ជាក់យ៉ាងច្បាស់ថា ការអនុវត្តច្បាប់ចរាចរណ៍ មិនមែនជាការរឹតបន្តឹង ឬបង្កការលំបាកដល់ប្រជាពលរដ្ឋឡើយ ប៉ុន្តែជាវិធានការចាំបាច់ និងមានគោលបំណងមនុស្សធម៌ ដើម្បីការពារជីវិត សុខភាព និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ព្រមទាំងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កើតសង្គមមានសុវត្ថិភាព និងវិន័យ។
លោកបានបន្ថែមថា អ្នកប្រព្រឹត្តល្មើស នឹងត្រូវអនុវត្តវិធានការតាមច្បាប់ដោយគ្មានការលើកលែង ខណៈអ្នកគោរពច្បាប់ គឺជាគំរូល្អ និងជាដៃគូសំខាន់ក្នុងការកសាងវប្បធម៌ចរាចរណ៍មានវិន័យ ទំនួលខុសត្រូវ និងសុវត្ថិភាពប្រកបដោយចីរភាព៕



