ស្លាប់ ១៥នាក់ និងបាត់ខ្លួនជិត ៣០នាក់ ក្នុងហេតុការណ៍លិចសាឡាងនៅហ្វីលីពីន

សាឡាងមួយគ្រឿងដែលផ្ទុកមនុស្សជាង ៣៥០ នាក់ បានជួបឧបទ្ទវហេតុលិច នៅព្រឹកថ្ងៃច័ន្ទនេះ នៅភាគខាងត្បូងប្រទេសហ្វីលីពីន ដោយបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៥ នាក់ស្លាប់ និង ២៨ នាក់បាត់ខ្លួន។

ឆ្មាំសមុទ្រហ្វីលីពីន បានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ថា សាឡាង MV Trisha Kerstin 3 បានជូនដំណឹងជាសញ្ញាអាសន្ននៅម៉ោងប្រហែល ១ និង ៥០នាទីព្រឹក ជាងបួនម៉ោងបន្ទាប់ពីចាកចេញពីកំពង់ផែ Zamboanga នៅភាគនិរតីនៃកោះ Mindanao។

លោក Romel Dua មេបញ្ជាការកងឆ្មាំសមុទ្រ បានប្រាប់ថា យ៉ាងហោចណាស់មនុស្ស ៣១៦ នាក់ ត្រូវបានជួយសង្គ្រោះរហូតមកដល់ពេលនេះ ដោយមានអ្នកស្លាប់ចំនួន ១៥ នាក់ និង ២៨ នាក់ទៀតនៅមិនទាន់រកឃើញនៅឡើយ។

កងឆ្មាំសមុទ្រ កងទ័ពជើងទឹក និងកងទ័ពអាកាស កំពុងធ្វើការរួមគ្នា លើប្រតិបត្តិការជួយសង្គ្រោះនេះ។

សាឡាង​បាន​លិច​នៅ​ចម្ងាយ​ប្រហែល ៥ គីឡូម៉ែត្រ​ភាគ​ខាងកើត​នៃ​កោះ Baluk-Baluk ដែល​ជា​ផ្នែក​មួយ​នៃ​ខ្សែកោះ​ខេត្ត Basilan នៅ​ក្រៅ​ឧបទ្វីប Zamboanga។

អ្នកឆ្លើយតប​គ្រាអាសន្ន​នៃ​កោះ Basilan លោក Ronalyn Perez បាន​បញ្ជាក់ថា ក្រុម​អ្នក​ជួយសង្គ្រោះ​ កំពុង​ព្យាយាមបន្ថែមទៀត។

យោងតាមវីដេអូដែលចេញផ្សាយដោយឆ្មាំសមុទ្រហ្វីលីពីន បង្ហាញពីអ្នករស់រានមានជីវិតកំពុងត្រូវបានលើកឡើងពីទឹក និងទទួលការសង្គ្រោះបឋម។

ទោះជាយ៉ាងណា មូលហេតុដែលបណ្ដាលឱ្យលិចសាឡាងនេះ នៅមិនទាន់ដឹងនៅឡើយនោះទេ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment