ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានព្រមានរដ្ឋាភិបាលនៃប្រទេសដែលជាសត្រូវថា ការវាយប្រហារណាមួយទៅលើមេដឹកនាំកំពូលរបស់ប្រទេស លោក Ayatollah Ali Khamenei នឹងមានន័យថាជាការប្រកាសសង្គ្រាម។

លោក បានបង្ហោះនៅលើទំព័រ X ថា ការវាយប្រហារទៅលើមេដឹកនាំដ៏អស្ចារ្យនៃប្រទេសយើង គឺស្មើនឹងសង្គ្រាមទ្រង់ទ្រាយធំជាមួយប្រជាជាតិអ៊ីរ៉ង់។
សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពីការកត់សម្គាល់របស់ប្រធានាធិបតីអាមេរិក លោក Donald Trumps នៅក្នុងបទសម្ភាសន៍ជាមួយ Politico ដែលលោក ហៅលោក Khamenei ថាជា “មនុស្សឈឺ” ហើយថា វាដល់ពេលហើយដើម្បីស្វែងរកមេដឹកនាំថ្មី នៅក្នុងប្រទេសអ៊ីរ៉ង់។

ភាពចលាចលនៅក្នុងប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើមនៅថ្ងៃទី ២៩ ខែធ្នូ បន្ទាប់ពីការតវ៉ាតាមដងផ្លូវដែលបង្កឡើងដោយការធ្លាក់ចុះយ៉ាងខ្លាំងនៃអត្រាប្តូរប្រាក់រៀលអ៊ីរ៉ង់ ហើយរីករាលដាលកាន់តែធំ។
អាជ្ញាធរ បានរាយការណ៍ពីការស្លាប់របស់មន្ត្រីសន្តិសុខចំនួន ៤០ នាក់។ យោងតាមរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi អះអាងថា ភេរវករប្រដាប់អាវុធបានបង្ហាញខ្លួនក្នុងចំណោមក្រុមបាតុករ កាលពីថ្ងៃទី ៨ ខែមករា។ អាជ្ញាធរអ៊ីរ៉ង់ បានចោទប្រកាន់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ចំពោះការរៀបចំភាពចលាចលនេះ៕

ដោយ៖ ពេជ្រ
