មូលនិធិចិនសប្បុរសធម៌Sanyបន្តបង្កើនការរួមចំណែកដល់ការងារអភិវឌ្ឍនៅជនបទកម្ពុជា

(សៀមរាប)៖ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ក្រុមការងាររបស់មូលនិធិចិនសប្បុរសធម៌Sanyចុះពិនិត្យសកម្មភាពប្រើប្រាស់អេស្កាវាទ័រមួយគ្រឿងដែលជាអំណោយរបស់ខ្លួនជូនដល់CMACកាលពីខែមិថុនា ឆ្នាំ២០២៤ តាមរយៈសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា–ចិនក្នុងការចូលរួមចំណែកជាមួយមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) លើការងារសហប្រតិបត្តិការមនុស្សធម៌ និងរួមចំណែកដល់ការអភិវឌ្ឍជនបទកម្ពុជា។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងថា ចាប់ពីឆ្នាំ២០២៣មក សមាគមបានដើរតួនាទីជាស្ពានក្នុងការលើកទឹកចិត្តដល់សង្គមស៊ីវិលចិនដោយមានមូលនិធិចិនសប្បុរសធម៌Sany  និងមូលនិធិចិនPeaceland បានរួមគ្នាបង្កើនសកម្មភាពជាមួយCMACក្នុងគោលបំណងបង្កើនកិច្ចសហការលើការពង្រឹងសមត្ថភាពបច្ចេកទេសរបស់CMACក្នុងការកម្ចាត់មីន និង ជួយបង្កើនល្បឿននៃការបើកដីសុវត្ថិភាពសម្រាប់កសិកម្ម សំណង់ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍជីវភាពប្រជាពលរដ្ឋនៅតំបន់ជនបទ។

ក្នុងជំនួបដោយផ្ទាល់ជាមួយឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកCMAC ចំនួន៣លើក គឺលើកទី១នៅខែឧសភា ឆ្នាំ២០២៤ លើកទី២នៅខែវិច្ឆិកា ឆ្នាំ២០២៤ និងលើកទី៣នៅខែមិថុនា ឆ្នាំ២០២៥ លោកស្រី Song Ximei ប្រធាននាយកដ្ឋានសង្គ្រោះ គ្រោះមហន្តរាយនៃមូលនិធិចិនសប្បុរសធម៌Sany  បានរំលេចថា មូលនិធិចិនសប្បុរសធម៌Sanyបានផ្តល់អំណោយអេស្កាវាទ័រមួយគ្រឿងជូនដល់CMACតាមរយៈកិច្ចសម្របសម្រួលពីសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ហើយដែលអំណោយនេះបានបង្ហាញពីការរួមចំណែករបស់មូលនធិចិនសប្បុរសធម៌Sanyចំពោះការទទួលខុសត្រូវរួមជាមួយសហគមន៍អន្តរជាតិ និងរួមចំណែកនៅក្នុងការងារមនុស្សធម៌ផងដែរ។ នៅក្នុងពេលចុះពិនិត្យសកម្មភាពរបស់ក្រុមការងារCMACប្រចាំអង្គភាពទី៤នៅក្នុងខេត្តសៀមរាបកំពុងប្រើប្រាស់អេស្កាវាទ័រនេះ លោកស្រីបានបង្ហាញនូវចេតនាចំពោះទិសដៅអនាគតរបស់មូលនិធិចិនសប្បុរសធម៌Sany ក្នុងការបន្តសកម្មភាពមនុស្សធម៌ជាមួយCMAC ដោយផ្តោតលើការរួមចំណែកក្នុងការងារស្តារ និងអភិវឌ្ឍជនបទ ព្រមទាំងការធ្វើទំនើបកម្មវិស័យកសិកម្មនៅតំបន់ជនបទ។

គួរបញ្ជាក់ផងដែរថា នៅក្នុងជំនួបនាពេលថ្មីៗជាមួយថ្នាក់ដឹកនាំCMAC សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានទទួលនូវការលើកទឹកចិត្តបន្ថែមដល់ការចូលរួមចំណែករបស់សមាគមក្នុងកិច្ចសហការជាមួយបណ្តាសហគ្រាស ក្រុមហ៊ុន និងសង្គមស៊ីវិលរបស់ប្រទេសចិនក្នុងការរួមចំណែកផ្គត់ផ្គង់ឧបករណ៍ និងបច្ចេកវិទ្យាសមស្រប ការបណ្តុះបណ្តាលបច្ចេកទេស និងការគាំទ្រគម្រោងអភិវឌ្ឍន៍ជាក់ស្តែងក្រោមកិច្ចសម្របសម្រួលពីCMACដើម្បីជួយដល់អង្គពាក់ព័ន្ធនានាក្នុងកិច្ចបង្កើនផលិតភាពកសិកម្ម បង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជនបទឲ្យកាន់តែប្រសើរ៕

Written by 

Related posts

Leave a Comment