រថយន្តដឹកដំឡូងមីក្រឡាប់ នៅលើផ្លូវជាតិលេខ៧៦ តែគ្មានអ្នករងរបួសទេ

ខេត្តរតនគិរី៖ រថយន្តវេអង១គ្រឿង ដឹកដំឡូងមីក្រៀម ចេញពីស្រុកអូរជុំ ខេត្តរតនគិរី គោលបំណងធ្វើដំណើរឆ្ពោះទៅកាន់ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង ក្រឡាប់ជះដំឡូងមីរាយប៉ាយពេញដងផ្លូវជាតិ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែសំណាងល្អ មិនបណ្តាលឲ្យមានអ្នករងរបួស ឬប៉ះពាល់ដល់អ្នកធ្វើដំណើរផ្សេងទៀតឡើយ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រហែល១២និង៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ នៅតាមកំណាត់ផ្លូវជាតិលេខ៧៦ ត្រង់ចំណុចជើងភ្នំកូនសេក ស្ថិតក្នុងភូមិកាំប្លេញ ឃុំរល្បាំងមួយ ស្រុកលំផាត់ ខេត្តរតនគិរី។

តាមការបញ្ជាក់ពីអ្នកបើកបររថយន្ត ឈ្មោះ អឹម វណ្ណដា អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា មុនពេលកើតហេតុ រូបលោកបានបើកបររថយន្តដឹកដំឡូងមីក្រៀម ចេញពីស្រុកអូរជុំ ខេត្តរតនគិរី ឆ្ពោះទៅកាន់ខេត្តមណ្ឌលគិរី ក្នុងទិសដៅពីជើងទៅត្បូង។

 នៅពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបានផ្អៀងទ្រុងខាងឆ្វេង មុននិងក្រឡាប់ជះដំឡូងមីចេញមកក្រៅរាយប៉ាយពេញដងផ្លូវ បង្កឲ្យមានការរាំងស្ទះចរាចរណ៍ជាបណ្តោះអាសន្ន។

អ្នកបើកបរបានបន្ថែមថា មូលហេតុចម្បងដែលបណ្តាលឲ្យកើតមានគ្រោះថ្នាក់នេះ គឺដោយសារ បាក់ដៃផ្ទោងអែប និងជន្ទះទ្រុងរថយន្ត បណ្ដាលឲ្យទ្រុងផ្អៀង និងបុកមកលើក្បាលរថយន្ត ប៉ះទៅនិង រេសាវ័រប្រេងម៉ាស៊ូត ធ្វើឲ្យប្រេងហូរចេញពេញផ្លូវ ដែលអាចបង្កហានិភ័យខ្ពស់ ប្រសិនបើមានយានយន្តផ្សេងទៀតធ្វើដំណើរឆ្លងកាត់នៅពេលនោះ។

    ជាភាពសំណាងល្អ គ្រោះថ្នាក់នេះ មិនបណ្តាលឲ្យមានការបាត់បង់ជីវិត ឬរបួសដល់តៃកុងរថយន្ត និងអ្នកធ្វើដំណើរផ្សេងទៀតឡើយ។ ក្រោយកើតហេតុ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានចុះទៅដល់ទីតាំង ដើម្បីពិនិត្យស្ថានភាព សម្របសម្រួលចរាចរណ៍ និងអនុវត្តវិធានការសុវត្ថិភាពចាំបាច់ ដើម្បីបញ្ចៀសហានិភ័យបន្ថែម។

ហេតុការណ៍នេះ ក៏ជាការរំលឹកដ៏សំខាន់មួយ ដល់អ្នកបើកបរយានយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ ឲ្យយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពបច្ចេកទេសរថយន្ត មុនពេលធ្វើដំណើរ ជាពិសេសនៅពេលយប់ និងតាមផ្លូវភ្នំ ដើម្បីធានាសុវត្ថិភាពទាំងខ្លួនឯង និងសង្គមទាំងមូល៕

Written by 

Related posts

Leave a Comment