អាជ្ញាធរអ៊ីរ៉ង់ បានចាប់ខ្លួនបាតុករប្រឆាំងរដ្ឋាភិបាលជាច្រើននាក់ក្នុងអំឡុងពេលមានភាពចលាចលក្នុងប្រទេសថ្មីៗនេះ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់មួយ ចុះផ្សាយ កាលពីថ្ងៃសុក្រថា មនុស្សប្រហែល ៣,០០០នាក់ ត្រូវបានចាប់ឃុំខ្លួន។

ទន្ទឹមនោះមន្ត្រីរដ្ឋាភិបាលមួយចំនួន បាន និងកំពុងជំរុញឲ្យមានការបង្ក្រាបកាន់តែខ្លាំងជាងនេះ។
ទីភ្នាក់ងារសារព័ត៌មាន Tasnim ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាម បានរាយការណ៍អំពីការឃុំខ្លួននេះ ដោយបានដកស្រង់សម្តីមន្ត្រីសន្តិសុខដែលនិយាយអះអាងថា អ្នកដែលត្រូវចាប់ឃុំខ្លួនគឺសុទ្ធតែជាប់ពាក់ព័ន្ធក្នុងការសម្លាប់ជនស៊ីវិល និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ហើយខ្លះទៀតមានទំនាក់ទំនងជាមួយអ៊ីស្រាអែល។
ការតវ៉ា និងកុបកម្មបានចាប់ផ្តើមកាលពីចុងខែមុន ជុំវិញការឡើងថ្លៃ ដែលជំរុញភាគច្រើនដោយទណ្ឌកម្មសេដ្ឋកិច្ចដែលដាក់ដោយប្រទេសលោកខាងលិច។ កាសែត New York Times បានរាយការណ៍ថា មនុស្សប្រហែល ៣,០០០ នាក់ត្រូវបានសម្លាប់ រួមទាំងបុគ្គលិកសន្តិសុខផងដែរ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បានឱ្យដឹងថា លោកប្រធានាធិបតី Masoud Pezeshkian បានប្រាប់សមភាគីរុស្ស៊ីលោក Vladimir Putin ថាសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចូលរួមក្នុងការតវ៉ាដ៏អាក្រក់នោះ ខណប្រធានាធិបតីអាមេរិក លោក Donald Trump ព្រមានថា លោកអាចចាត់វិធានការយោធាប្រឆាំងនឹងអ៊ីរ៉ង់។
កាលពីថ្ងៃព្រហស្បតិ៍ លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា៖ លោកប្រធានាធិបតី និងក្រុមរបស់លោក កំពុងតាមដានស្ថានការណ៍នេះយ៉ាងដិតដល់ ហើយជម្រើសទាំងអស់នៅតែមានលើតុ។ ប៉ុន្តែគេហទំព័រព័ត៌មានអាមេរិក Axios បានឲ្យដឹងថា ប្រភពជាច្រើនទាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ស្នើឱ្យលោក Trump បញ្ឈប់សកម្មភាពណាមួយប្រឆាំងនឹងអ៊ីរ៉ង់ ដោយសារតែអ៊ីស្រាអែលត្រូវការពេលវេលាបន្ថែមទៀតដើម្បីរៀបចំសម្រាប់ការសងសឹកដែលអាចកើតមាននៅពេលខាងមុខ៕


ដោយ៖ ពេជ្រ
