សមត្ថកិច្ចបានចាប់និងឃុំខ្លួនអតីតអ្នកឧកញ៉ា លី គួង ជាម្ចាស់កាស៊ីណូមួយកន្លែង ពាក់ព័ន្ធករណីឆបោកតាមអនឡាញ និងលាងលុយកខ្វក់ ខណដែលអតីតអ្នកឧកញ៉ារូបនោះបានប្រព្រឹត្តបទល្មើសនេះអស់រយៈពេល ៦ឆ្នាំ មកហើយ។ នេះបើយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។
លោក ឆែ វិវឌ្ឍនៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទឈ្មោះលី គួង ភេទប្រុស អាយុ ៥០ឆ្នាំ នៅពន្ធនាគាររាជធានីភ្នំពេញ PJ ដើម្បីរង់ចាំការជំនុំជម្រះទោសតាមនីតិវិធីច្បាប់ បន្ទាប់ពីបានរកឃើញមានពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោក លី គួង គឺជាអ្នកឧកញ៉ា ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣។ គិតត្រឹមខែសីហា ឆ្នាំ២០២៥ ឈ្មោះនេះ នៅមានគោរម្យងារជាអ្នកឧកញ៉ាផងដែរ។
តាមដីកាបង្គាប់ឱ្យឃុំខ្លួន ជននេះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទល្មើសមួយចំនួន រួមមានការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ច បទឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង និងបទសម្អាតប្រាក់។ បទល្មើសទាំងនេះត្រូវបានប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។
បទល្មើសមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
បើតាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវយ៉ាងច្បាស់លាស់ និងរកឃើញភស្តុតាងដែលបង្ហាញពីសកម្មភាពមិនប្រក្រតីក្នុងការកេងប្រវ័ញ្ចទ្រព្យសម្បត្តិរបស់អ្នកដទៃ ក្នុងរូបភាពជាការវិនិយោគ ឬការរកស៊ីដែលគ្មានតម្លាភាព រួចយកថវិកាទាំងនោះទៅធ្វើចរាចរណ៍ដើម្បីបន្លំភ្នែកសមត្ថកិច្ច សម្អាតប្រាក់។
បន្ថែមពីលើនេះ ជនត្រូវចោទក៏បានប្រើប្រាស់ទីតាំងកាស៊ីណូ និងសណ្ឋាគារ ដើម្បីបង្ខាំងមនុស្សឱ្យធ្វើការឆបោកអនឡាញ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។
យ៉ាងណាក៏ដោយសំណុំរឿងនេះកំពុងស្ថិតក្នុងដំណាក់កាលស៊ើបសួរយ៉ាងយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀតមកផ្តន្ទាទោសតាមច្បាប់។
កាលពីខែឧសភា ឆ្នាំ ២០២៤ អាជ្ញាធរ និង សមត្ថកិច្ចចម្រុះ ធ្លាប់បានចុះទៅដល់ទីតាំងផ្ទះរបស់លោក លី គួង ដែលសង្ស័យបង្ខាំងមនុស្សខុសច្បាប់ ស្ថិតនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយសង្ស័យថា លោក លី គួង បានជួលទៅឲ្យជនបរទេសជាច្រើនរយនាក់ដែលគេសង្ស័យ បានប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ។ សមត្ថកិច្ចបានរកឃើញរបស់របរដែលបម្រើឲ្យការឆបោកនិងការប្រើប្រាស់គ្រឿងញៀន។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយចំនួន បានផ្សាយថា ឈ្មោះ លី គួង គឺជាម្ចាស់ទីតាំង ហ័ងឡឺ (Huang Le) នៅខេត្តព្រះសីហនុ និងជាអគ្គនាយកក្រុមហ៊ុន កាស៊ីណូ «ខ្ញុំ» នៅខេត្តកំពត ដែលធ្លាប់ប្រព្រឹត្តបទល្មើសបរិស្ថានផងដែរ៕



