កងទ័ពអឺរ៉ុប បានមកទៅដល់ Greenland កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្ហាញការគាំទ្រ ខណៈដែលមេដឹកនាំ កំពុងប្រញាប់ប្រញាល់ត្រៀមឆ្លើយតបទៅនឹងការគំរាមកំហែងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ។

លោក ត្រាំ បានជំរុញទៅមុខជាមួយនឹងគោលបំណងរបស់លោក ក្នុងការដណ្តើមយក ឬទិញយកនូវទឹកដីអឺរ៉ុបមួយនេះ។
កងទ័ពមួយចំនួនតូចមកពីប្រទេសបារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស ហូឡង់ ហ្វាំងឡង់ ន័រវែស និងស៊ុយអែត បានទៅដល់កោះនេះ តាំងពីព្រឹកថ្ងៃព្រហស្បតិ៍។
នៅក្នុងសុន្ទរកថាមួយ កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ប្រទេសរបស់លោកនឹងបញ្ជូនសព្វាវុធផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក បន្ថែមទៀតទៅកោះ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
គួរបញ្ជាក់ថា ភាពតានតឹង កើតឡើងក្រោយលោក ត្រាំ ទទូចម្ដងហើយម្ដងទៀតពីគោលបំណង និងចេតនាក្នុងការដណ្ដើមយកកោះហ្គ្រីនឡែន ដោយតាមរយៈការប្រើកម្លាំងយោធា ឬទិញយកតែម្ដង៕


ដោយ៖ ពេជ្រ
