ប្រតិបត្តិការយោធាអាមេរិក​ ប្រឆាំងប្រទេស​អ៊ីរ៉ង់​ កាន់តែខិត​ជិត​មក​ដល់ហើយ

កាសែត Reuters បានអះអាងដោយដកស្រង់ប្រភពអនាមិកថា ការប្រើកម្លាំងយោធាអាមេរិក វាយប្រហារលើអ៊ីរ៉ង់គឺកាន់តែខិតជិតមកដល់ ហើយអាចកើតឡើងក្នុងរយៈពេលតែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ។ ចំណែកអ៊ីរ៉ង់ ក៏បានសម្រេចបិទជើងហោះហើរទាំងអស់ផងដែរ ដើម្បីត្រៀមឆ្លើយតបនឹងសង្រ្គាមដ៏ធំជាមួយអាមេរិក។

គួររំលឹកថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ លោកប្រធានាធិបតី Donald Trump បានចេញការគំរាមកំហែងជាច្រើនប្រឆាំងនឹងសាធារណរដ្ឋឥស្លាមមួយនេះដែលបាន និងកំពុងធ្លាក់ក្នុងភាពចលាចលចាប់តាំងពីចុងខែ ធ្នូ មក។

ភាពចលាចលបានផ្ទុះឡើងចំពេលអតិផរណាកើនឡើង និងការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់រៀលអ៊ីរ៉ង់។ ទីក្រុងតេអេរ៉ង់ បានស្តីបន្ទោសចំពោះអំពើហឹង្សាតាមដងផ្លូវ ដោយចោទប្រកាន់ថាជាទង្វើរបស់អាមេរិក និងអ៊ីស្រាអែល ដែលបានរៀបចំ។

កាលពីថ្ងៃពុធម្សិលមិញ ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់សម្តីមន្ត្រីយោធាលោកខាងលិចដែលមិនបញ្ចេញឈ្មោះ ដោយនិយាយថា សញ្ញាទាំងអស់គឺថាការវាយប្រហាររបស់អាមេរិកជិតមកដល់ហើយ។

យោងតាម​សារព័ត៌មាន​ដែល​បាន​ដក​ស្រង់​សម្តី​មន្ត្រី​អឺរ៉ុប​ពីរ​នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ​ បាននិយាយថា អន្តរាគមន៍​យោធា​របស់​អាមេរិក​អាច​នឹង​មក​ដល់​ក្នុង​រយៈពេល ២៤ ម៉ោង​ ទៀតនេះ។

ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែលដែលមិនបញ្ចេញឈ្មោះដូចគ្នា ដែលលើកឡើងថា លោក Trump ហាក់ដូចជាបានសម្រេចចិត្តក្នុងគោលបំណងវាយប្រហារអ៊ីរ៉ង់រួចហើយ។

 សហរដ្ឋអាមេរិក កំពុងជម្លៀសកម្លាំងយោធារបស់ខ្លួនមួយចំនួនចេញពីមូលដ្ឋាននៅមជ្ឈិមបូព៌ា ក្នុងករណីមានការវាយប្រហារសងសឹកពីអ៊ីរ៉ង់។

  កាលពីដើមសប្តាហ៍នេះ លោក Trump បាន​អំពាវនាវ​ដល់​បាតុករ​អ៊ីរ៉ង់​ឲ្យ​ដណ្តើម​យក​ការ​គ្រប់​គ្រង​ស្ថាប័ន​រដ្ឋ បន្ទាប់​ពី​លោក​ ប្រកាស​មុន​នេះ​ថា ជំនួយ​កំពុង​តែ​មក​ដល់​ហើយ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment