អ៊ីរ៉ង់ ប្រកាសបិទដែនអាកាសបណ្តោះអាសន្ន ដោយសារស្ថានភាពចលាចលកាន់តែវិវត្តន៍

អាជ្ញាធរអ៊ីរ៉ង់ បានជូនដំណឹងពីការបិទដែនអាកាសរបស់ខ្លួនជាបណ្តោះអាសន្ន ចំពោះជើងហោះហើរទាំងអស់លើកលែងតែជើងហោះហើរអន្តរជាតិណាដែលមានការអនុញ្ញាតជាផ្លូវការប៉ុណ្ណោះ។

ការជូនដំណឹងនេះ គឺតាមរយៈការបង្ហោះនៅលើគេហទំព័ររបស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធ កាលពីយប់ថ្ងៃពុធ។

មន្ត្រីអាមេរិកម្នាក់ បានឱ្យដឹង កាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក កំពុងជម្លៀសទាហានមួយចំនួនចេញពីមូលដ្ឋាននៅមជ្ឈិមបូព៌ា បន្ទាប់ពីទីក្រុងតេអេរ៉ង់ ព្រមានប្រទេសជិតខាងថា ខ្លួននឹងវាយប្រហារមូលដ្ឋានទ័ពអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោន លូកដៃក្នុងបាតុកម្ម។

ក្រុមហ៊ុនអាកាសចរណ៍ធំជាងគេរបស់ឥណ្ឌា IndiGo បានបញ្ជាក់ថា ជើងហោះហើរអន្តរជាតិមួយចំនួនរបស់ខ្លួននឹងរងផលប៉ះពាល់ បន្ទាប់ពីការបិទដែនអាកាសភ្លាមៗរបស់អ៊ីរ៉ង់។ ជើងហោះហើរមួយរបស់ក្រុមហ៊ុន Aeroflot របស់រុស្ស៊ី ដែលធ្វើដំណើរទៅកាន់ទីក្រុងតេអេរ៉ង់ បានត្រឡប់ក្បាលទៅទីក្រុងមូស្គូវិញ បន្ទាប់ពីការបិទនេះ នេះបើយោងតាមទិន្នន័យតាមដានពី Flightradar24។

ទន្ទឹមនោះ ប្រទេសអាល្លឺម៉ង់ បានចេញសេចក្តីណែនាំថ្មីមួយដោយព្រមានក្រុមហ៊ុនអាកាសចរណ៍ មិនឱ្យហោះចូលទៅក្នុងដែនអាកាសអ៊ីរ៉ង់ ខណៈក្រុមហ៊ុន Lufthansa បានផ្លាស់ប្តូរទិសដៅហោះហើរខ្លួននៅទូទាំងមជ្ឈិមបូព៌ា ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់។

ជាមួយគ្នានោះ សហរដ្ឋអាមេរិក ក៏បានហាមឃាត់ជើងហោះហើរពាណិជ្ជកម្មខ្លួនទាំងអស់មិនឱ្យហោះហើរពីលើអ៊ីរ៉ង់ និងមិនឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរផងដែរ។

គួរបញ្ជាក់ថា ប្រតិបត្តិករក្រុមហ៊ុនអាកាសចរណ៍ដូចជា flydubai និង Turkish Airlines បានលុបចោលជើងហោះហើរជាច្រើនទៅកាន់ប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment