បន្ទាយមានជ័យ៖កម្លាំងទាហានឈុតប៉ារ៉ាថៃ បានយល់ព្រមដោះលែង និងបញ្ជូនពលរដ្ឋខ្មែរម្នាក់ត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នេះ ក្រោយពីមានការអន្តរាគមន៍ និងស្នើសុំជាផ្លូវការពីក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ។
• ជនរងគ្រោះ៖ ឈ្មោះ ផល ប៉ោង ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
•កងកម្លាំងជួរមុខថៃបានឃាត់ខ្លួន កាលពីវេលាម៉ោង ០៨:០០នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅចំណុចបឹងត្រកួន ខណៈដែលព្យាយាមឆ្លងរបងបន្លាលួសទៅ យកទ្រព្យសម្បត្តិរបស់ខ្លួននៅក្នុងផ្ទះ ដែលថៃព័ទ្ធលួសបន្លា។
ក្រោយទទួលបានព័ត៌មាន ក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ (ច្រកតំបន់បឹងត្រកួន) បានធ្វើលិខិតស្នើសុំជាផ្លូវការ។ រហូតដល់វេលាម៉ោង ១១:៤៣នាទី ថ្ងៃទី១៤ ខែមករានេះ ភាគីថៃបានឆ្លើយតប និងបញ្ជូនពលរដ្ឋរូបនេះមកវិញ តាមរយៈ ច្រកបណ្តោះអាសន្នប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្ន ពលរដ្ឋរូបនេះត្រូវបានអាជ្ញាធរទទួលមកដល់ដីខ្មែរដោយសុវត្ថិភាព ដើម្បីសាកសួរ និងអនុញ្ញាតឱ្យត្រឡប់ទៅជួបជុំគ្រួសារវិញ៕

