មេដឹកនាំអឺរ៉ុប កំពុងព្យាយាមបង្កើតកិច្ចព្រមព្រៀងមួយស្តីពីអនាគត Greenland ដោយស្វែងរកការចរចាជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ ។

យោងតាមកាសែត Politico បានឱ្យដឹងថា មេដឹកនាំអឺរ៉ុប ចូលចិត្តការផ្សះផ្សាគ្នាជាជាងការប្រឈមមុខដាក់គ្នាជាមួយប្រធានាធិបតីអាមេរិក ហើយកំពុងពិចារណាពីវិធីពង្រឹងសន្តិសុខនៅក្នុងតំបន់អាកទិកក្នុងក្របខ័ណ្ឌនៃអង្គការណាតូ ក៏ដូចជាការផ្តល់សម្បទានដល់សហរដ្ឋអាមេរិកលើការទាញយករ៉ែ។
នៅថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Lars Lokke Rasmussen និងសមភាគី Greenland លោកស្រី Vivian Motzfeldt ត្រូវបានរំពឹងថានឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio និងអនុប្រធានាធិបតី JD Vance នៅឯសេតវិមាន។

ប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិយាយម្តងហើយម្តងទៀតអំពីភាពចាំបាច់ក្នុងការគ្រប់គ្រងកោះ Greenland ចាប់តាំងពីលោក ចូលកាន់តំណែងដំបូងៗមកម្ល៉េះ។
Greenland គឺជាទឹកដីស្វយ័តរបស់ប្រទេសដាណឺម៉ាក។ នៅឆ្នាំ ១៩៥១ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកូប៉ិនហាក បានចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាតិ បន្ថែមពីលើការប្តេជ្ញាចិត្តរបស់សម្ព័ន្ធមិត្តណាតូ។ ក្រោមសន្ធិសញ្ញានេះ សហរដ្ឋអាមេរិក បានសន្យាការពារកោះនេះពីការឈ្លានពានដែលអាចកើតមាន៕

ដោយ៖ ពេជ្រ
