ខេត្តរតនគិរី÷ ផ្លូវខេត្តលេខ៣៧៨៧ ជាផ្លូវសេដ្ឋកិច្ចមួយដ៏សំខាន់ ដើម្បីបំរើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋក្នុងការដឹកកសិផលផ្សេងៗ ដែលប្រមូលផលបានទៅកាន់ទីផ្សារ ក៏ដូចជា ការងាយស្រួលក្នុងការដឹកសម្ភារ ឧបភោគ,បរិភោគ និងសម្ភារសំណង់ ដែលផ្គត់ផ្គង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនពីទីផ្សារ។ ដូច្នេះហើយរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ថវិកាធ្វើការជួសជុលផ្លូវខេត្ត១ខ្សែនេះ ជូនបងប្អូនប្រជាពលរដ្ឋក្នុងឃុំសាមគ្គី ស្រុកអូរជុំ ជាចំណងដៃថ្មីដើមឆ្នាំ២០២៦ ដែលពិធីសម្ពោធបើកការដ្ឋានជួសជុលផ្លូវនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានលើកឡើងថា គម្រោងជួសជុលផ្លូវខេត្តលេខ ៣៧៨៧ មានប្រវែង៦៨០០ម៉ែត្រ និង ទទឹង៨ម៉ែត្រ ពី PK 000+000 ដល់ PK 068+000 ជាប្រភេទកម្រាលដីល្បាយថ្ម ជាកញ្ចប់ថវិកាជាតិ តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជួសជុលដោយមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តរតនគិរី តាមកិច្ចសន្យាដែលបានកំណត់ ក្នុងគម្រោងសម្រាប់ឆ្នាំ២០២៦។
ផ្លូវខេត្តលេខ ៣៧៨៧ ជាផ្លូវមួយយ៉ាងសំខាន់សំរាប់កិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងស្រុកអូរជុំ និងខេត្តទាំងមូលផងដែរ។ ជាពិសេសផ្លូវនេះ ពិតជាបំរើផលប្រយោជន៍ ដល់បងប្អូនក្នុងឃុំសាមគ្គី ស្រុកអូរជុំ ដែលតភ្ជាប់ទៅស្រុកវើនសៃ ស្រុកបរកែវ និងពីស្រុកតាវែង ស្រុកអូរជុំ មកកាន់ផ្លូវជាតិលេខ៧៨ ឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម និងមកកាន់ទីរួមខេត្តរតនគិរីផងដែរ។

ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមនាឱកាសនេះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានចាត់ទុកផ្លូវ ១ខ្សែនេះវាជាតម្រូវការមិនអាចខ្វះបានរបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ ក្នុងការធ្វើដំណើរ ទៅកាន់ទីផ្សារ សាលារៀន មន្ទីរពេទ្យ និងការដឹកជញ្ជូនទំនិញភោគផល កសិ-ឧស្សាហកម្ម ពិសេសរួមជាមួយនិងកិច្ចការពារ អធិបតេយ្យភាពទឹកដី និងជាសសៃឈាមនៃសេដ្ឋកិច្ចជាតិផងដែរ។
ដើម្បីដំណើការជួសជុល ផ្លូវនេះឲ្យទទួលបានជោគជ័យ លោក ញ៉ែម សំអឿន បានស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជួយសហការ កុំដឹកជញ្ជូនសំពីងសំពោង និងដឹកគ្រួស ថ្ម ខ្សាច់ ដោយធ្វើការវិចខ្ចប់ឲ្យបានត្រឹមត្រូវ។ ពិសេសអាជ្ញាធរដែនដី នៃស្រុកមេត្តាផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋរបស់ខ្លួនដែលរស់នៅ តាមបណ្តោយផ្លូវ សូមចូលរួម សហការសម្របសម្រួលរាល់បញ្ហា ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកអភិបាលខេត្ត ក៏បានលើកឡើងពីសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលប្រទេសជាតិ មាននាពេលបច្ចុប្បន្ន កត្តាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម ជាបុរេលក្ខខណ្ឌដ៏ចាំបាច់ និងអាទិភាពបំផុត ដែលទាមទារឲ្យយើងត្រូវរួមគ្នាធានាឲ្យបាននូវ កត្តាសុខសន្តិភាព ស្ថិរភាព នយោបាយ និងសន្ដិសុខសណ្ដាប់ធ្នាប់សង្គមនេះ ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ ប្រទេសជាតិ។ ដូច្នេះអាជ្ញាធរនៅតាមមូលដ្ឋានក្រុង ស្រុក ឃុំសង្កាត់ ត្រូវបង្កើនការផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋ សំខាន់ចំពោះសិស្សានុសិស្ស ពីច្បាប់ចរាចរណ៍ និងគ្រឿងញៀន និងក្តាប់ឲ្យបាននូវរាល់សភាពការណ៍នានា ដែលកើតមាននៅតាមភូមិ ឃុំ ក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីធ្វើការដោះស្រាយឆ្លើយតបឲ្យបានទាន់ពេលវេលា ក្នុងនោះត្រូវចុះផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះប្រជាពលដ្ឋ អំពីគោលនយោបាយ ភូមិ,ឃុំ មានសុវត្ថិភាព ដើម្បីស្តាប់កង្វល់ និងសំណូមពរនានាពីប្រជាពលដ្ឋ និងរួមគ្នាដោះស្រាយ៕






