រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Ahn Gyu-back បានបដិសេធរបាយការណ៍របស់កូរ៉េខាងជើងដែលអះអាងថា ទីក្រុងសេអ៊ូល កំពុងបញ្ជូនយន្តហោះគ្មានមនុស្សបើកឈ្លានពានដែនអាកាសខ្លួន។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap បានដកស្រង់សម្តីរបស់លោកថា យន្តហោះគ្មានមនុស្សបើកទាំងនោះមិនមែនជាម៉ូដែលដែលដំណើរការដោយយោធាកូរ៉េខាងត្បូងនោះទេ។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់ថា កងកម្លាំងរបស់ខ្លួន មិនបានធ្វើប្រតិបត្តិការហោះហើរនៅថ្ងៃដែលកូរ៉េខាងជើង ចោទប្រកាន់នោះទេ។
អ្នកនាំពាក្យរបស់អគ្គសេនាធិការកងទ័ពប្រជាជនកូរ៉េ បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងត្បូងបានឈ្លានពានដែនអាកាសកូរ៉េខាងជើង ហើយធ្លាក់នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៥ និងថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៦ ។
យោធាកូរ៉េខាងជើងបានប្រើប្រាស់ឧបករណ៍សង្គ្រាមអេឡិចត្រូនិកដើម្បីបាញ់ទម្លាក់យន្តហោះទាំងនោះ។ អ្នកនាំពាក្យរូបនេះ ក៏បាននិយាយផងដែរថា យន្តហោះគ្មានមនុស្សបើកទាំងនោះត្រូវបានបញ្ជូនមកសម្រាប់ឃ្លាំមើល និងបំពាក់ឧបករណ៍ថតសំឡេង៕


ដោយ៖ ពេជ្រ
