ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចេញការព្រមានថ្មីមួយដល់មេដឹកនាំអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ ខណៈដែលវីដេអូបង្ហាញពីការតវ៉ាប្រឆាំងរដ្ឋាភិបាលកំពុងផ្ទុះឡើងនៅទូទាំងប្រទេស ដែលនាំឱ្យអាជ្ញាធរ ផ្ដាច់អ៊ីនធឺណិតដើម្បីទប់ស្កាត់ភាពចលាចលនេះ។

ក្រុមសិទ្ធិមនុស្ស បានកត់ត្រាការស្លាប់របស់បាតុកររាប់សិបនាក់ក្នុងរយៈពេលជិត ២ សប្តាហ៍ ស្របពេលទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បង្ហាញពីការប្រយុទ្ធគ្នាយ៉ាងខ្លាំង ស្របពេលមន្ត្រីប៉ូលីសជាច្រើននាក់ត្រូវបានសម្លាប់។
លោក ត្រាំ បានព្រមានទីក្រុងតេអេរ៉ង់ កាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិក អាចនឹងមកជួយក្រុមបាតុករ ហើយព្រមានម្ដងទៀតកាលពីថ្ងៃសុក្រ ដោយនិយាយសំដៅលើរដ្ឋាភិបាលអ៊ីរ៉ង់ថា “បើអ្នកបាញ់ប្រហារ យើងនឹងចាប់ផ្តើមបាញ់ប្រហារដែរ”។
លោក បានបន្ថែមថា “ខ្ញុំគ្រាន់តែសង្ឃឹមថាក្រុមបាតុករនៅអ៊ីរ៉ង់មានសុវត្ថិភាព ពីព្រោះពេលនេះ ជាពេលដ៏គ្រោះថ្នាក់សម្រាប់ពួកគេ”។

ទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា លោកមិនមានទំនោរចង់ជួបជាមួយព្រះអង្គម្ចាស់ Reza Pahlavi ដែលជារាជទាយាទដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងជាបុត្រារបស់អតីតស្តេច Shah នៃប្រទេសអ៊ីរ៉ង់នោះទេ ដែលជាសញ្ញាមួយដែលបង្ហាញថា លោក កំពុងរង់ចាំមើលថាតើវិបត្តិនេះកើតឡើងយ៉ាងដូចម្តេច មុនពេលគាំទ្រមេដឹកនាំប្រឆាំង។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានសន្យាថា នឹងមិនចុះចាញ់ឡើយ ដោយចោទប្រកាន់ក្រុមបាតុករថាធ្វើសកម្មភាពក្នុងនាមជាក្រុមប្រឆាំងនៅបរទេស និងសហរដ្ឋអាមេរិក ហើយព្រះរាជអាជ្ញាគំរាមកំហែងកាត់ទោសប្រហារជីវិត។
ក្រសួងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងអ៊ីរ៉ង់ អះអាងថា ការសម្រេចចិត្តបិទអ៊ីនធឺណិតត្រូវបានធ្វើឡើង «ដោយអាជ្ញាធរសន្តិសុខមានសមត្ថកិច្ចក្រោមកាលៈទេសៈបច្ចុប្បន្នរបស់ប្រទេស»៕


ដោយ៖ ពេជ្រ
