ប្រធានាធិបតីអាឡឺម៉ង់លោក Frank-Walter Steinmeier បាននិយាយថា ការបំពានលើបទដ្ឋានអន្តរជាតិដោយសហរដ្ឋអាមេរិកកំពុងធ្វើឱ្យពិភពលោកកាន់តែមានគ្រោះថ្នាក់។ ការកត់សម្គាល់របស់លោកបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ជាឱ្យវាយឆ្មក់ដោយកងកុម្ម៉ង់ដូចូលទៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ហើយបានចាប់ពង្រត់ប្រធានាធិបតីលោក Nicolas Maduro និងបានបន្តផែនការបង្កើតការគ្រប់គ្រងលើ Greenland ពីប្រទេសដាណឺម៉ាក។

លោក Steinmeier បានថ្លែងបែបនោះកាលពីថ្ងៃពុធកន្លងទៅក្នុងអំឡុងពេលសន្និសីទមួយនៅឯមូលនិធិ Koerber ដែលប្រារព្ធឡើងដើម្បីអបអរខួបកំណើតគម្រប់ ៧០ ឆ្នាំរបស់លោក។ លោកកត់សម្គាល់ទៀតថា “មានការបំបែកតម្លៃនៃកិត្តិយសប្រទេសដោយដៃគូដ៏សំខាន់បំផុតរបស់យើង គឺសហរដ្ឋអាមេរិក ខណដែលអាមេរិកក៏ធ្លាប់បានជួយកសាងសណ្តាប់ធ្នាប់ពិភពលោកនេះពីមុនមក”។
លោកក៏បានជំរុញឲ្យមានការខិតខំប្រឹងប្រែងដើម្បីការពារ“ពិភពលោកមិនឲ្យក្លាយទៅជារណ្តៅនៃពពួកចោរដែលគ្មានសីលធម៌បំផុត ហើយមិនត្រូវទទួលយកអ្វីដែលពួកគេចង់បានស្រេចតែចិត្ត ឬត្រូវចាត់ទុកតំបន់ មួយ ឬប្រទេសទាំងមូលជាកម្មសិទ្ធិរបស់មហាអំណាចណាមួយនោះទ្បើយ”។
លោក Steinmeier បានបន្ថែមថា “ការព្យាយាមទាំងទ្បាយដែលកំពុងត្រូវបានធ្វើឡើងដើម្បីជំរុញសូម្បីតែរដ្ឋដែលមានទំហំមធ្យម ហើយរួមទាំងប្រទេសយើងផងដែរ ទៅកាន់គែមនៃប្រវត្តិសាស្ត្រហួសសម័យ ខណៈពេលដែលរដ្ឋតូច និងខ្សោយត្រូវបានទុកចោលដោយគ្មានការការពារទាំងស្រុងនោះទេ។

ចំណែកលោកប្រធានាធិបតីបារាំង Emmanuel Macron ក៏បានព្រមានផងដែរអំពី “ហានិភ័យចំពោះសណ្តាប់ធ្នាប់អន្តរជាតិដែលយើងកំពុងរស់នៅ”ដោយលោកបានប្រាប់ក្រុមអ្នកការទូតបារាំងនៅទីក្រុងប៉ារីសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា “សហរដ្ឋអាមេរិកគឺជាមហាអំណាចមួយ ប៉ុន្តែជាប្រទេសមួយដែលកំពុងងាកចេញបន្តិចម្តងៗពីសម្ព័ន្ធមិត្តមួយចំនួន និងផ្តាច់ខ្លួនពីច្បាប់អន្តរជាតិ”ខណដែលមុននេះ លោក Macron ក៏បានថ្លែងសង្កត់ធ្ងន់ថា លោកមិនយល់ស្របនូវវិធីសាស្រ្តនៃការបណ្តេញលោក Maduro ចេញពីអំណាចដោយសហរដ្ឋអាមេរិកនោះទេ។
លោក Trump បានប្រាប់កាសែត The New York Times ក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថាគាត់មិនត្រូវការ “ច្បាប់អន្តរជាតិស្អីនោះទេ” ប៉ុន្តែលោកត្រូវតែពឹងផ្អែកលើការវិនិច្ឆ័យរបស់លោកជំនួសវិញ។ លោកបន្ថែមថា “សីលធម៌ផ្ទាល់ខ្លួនរបស់ខ្ញុំ ចិត្តរបស់ខ្ញុំ វាជារឿងតែមួយគត់ដែលអាចបញ្ឈប់ខ្ញុំ!! ម៉េចអ្នកយល់ដែរទេ?”។
សហរដ្ឋអាមេរិកបានកំណត់សកម្មភាពយោធារបស់ខ្លួននៅក្នុងប្រទេសវេណេហ្ស៊ុយអេឡាថាជាប្រតិបត្តិការរបស់ប៉ូលីសដើម្បីចាប់ខ្លួន Maduro ខណដែលលោក Trump ចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន។ ប៉ុន្តែលោក Maduro បានអះអាងថា លោកគ្មានកំហុសនោះទេ នៅពេលដែលគាត់ត្រូវបាននាំទៅមុខចៅក្រមញូវយ៉កកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ដោយពណ៌នាខ្លួនគាត់ថាជា “អ្នកទោសសង្គ្រាម”។ ទន្ទឹមនោះវេណេស៊ុយអេឡាបានថ្កោលទោសការវាយឆ្មក់របស់អាមេរិកថាជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន ដោយប្រើកម្លាំងយ៉ាងកំរោលខុសច្បាប់អន្តរជាតិ៕

