កងទ័ពស៊ីរី បានប៉ះទង្គិចជាមួយយុទ្ធជនមកពីកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលដឹកនាំដោយឃឺដនៅតាមតំបន់មួយចំនួមក្នុងទីក្រុងអាឡិបប៉ូ កាលពីថ្ងៃព្រហស្បតិ៍ ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី អាជ្ញាធរ បានបញ្ជាឱ្យប្រជាជនជម្លៀសចេញ និងចោទប្រកាន់យុទ្ធជន SDF ថាបានយកតំបន់ដែលមានជនជាតិឃឺដរស់នៅ ដើម្បីធ្វើការវាយប្រហារ។
កងទ័ពស៊ីរី បានបង្ហាញតំបន់ចំនួន ៧ ដែលអះអាងថាជាគោលដៅក្រុមយុទ្ធជន កំណត់ក្នុងការវាយប្រហារ ដោយជំរុញឱ្យប្រជាជនចាកចេញជាបន្ទាន់ ដើម្បីសុវត្ថិភាព។ អាជ្ញាធរ បានប្រកាសពីបម្រាមគោចរនៅក្នុងសង្កាត់ Sheikh Maqsoud និង Ashrafieh ចាប់តាំងពីម៉ោង ៣ រសៀល មកម្ល៉េះ។

ការប្រយុទ្ធគ្នា ដែលបានផ្ទុះឡើង កាលពីថ្ងៃអង្គារ បណ្ដាលឱ្យជនស៊ីវិលរាប់ពាន់នាក់ បង្ខំចិត្តចាកចេញពីផ្ទះ និងបានសម្លាប់មនុស្ស ក៏ដូចជារងរបួសជាច្រើននាក់។
កងកម្លាំង SDF រាយការណ៍ថា ក្រុមយុទ្ធជនរបស់ពួកគេចូលរួមក្នុងការប្រយុទ្ធគ្នាយ៉ាងខ្លាំងជាមួយក្រុម និងកងកម្លាំងជំនួយដែលមានសម្ព័ន្ធភាពជាមួយទីក្រុងដាម៉ាស នៅជិតសង្កាត់ស៊ីរីយ៉ាក នៃទីក្រុងអាឡិបប៉ូ។
អំពើហិង្សា និងការអះអាងប្រកួតប្រជែងលើការទទួលខុសត្រូវ បានបង្ហាញពីភាពជាប់គាំងកាន់តែស៊ីជម្រៅ និងសាហាវឡើងរវាងអាជ្ញាធរដាម៉ាស និងអាជ្ញាធរឃឺដ ដែលបានប្រឆាំងនឹងការធ្វើសមាហរណកម្មទៅក្នុងរដ្ឋាភិបាលកណ្តាល៕

ដោយ៖ ពេជ្រ
