កងកម្លាំងសហរដ្ឋអាមេរិក បានចាត់វិធានការរឹបអូសនាវាដឹកប្រេង Marinera ដែលមានទង់ជាតិរុស្ស៊ី ខណៈសកម្មភាពខាងលើនេះ ក្រសួងការបរទេសក្រុងមូស្គូ ចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស ថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់សមុទ្រអន្តរជាតិ។

សេចក្តីថ្លែងការណ៍នេះ បានចែងថា ការសម្រុកចូលនៃកងកម្លាំងអាមេរិកលើនាវាស៊ីវិលនៅលើសមុទ្រអន្តរជាតិ រួមទាំងការរឹបអូសជាក់ស្តែង ក៏ដូចជាការចាប់ខ្លួននាវិក អាចចាប់ទុកបានថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ និងបទដ្ឋានជាមូលដ្ឋាននៃច្បាប់សមុទ្រអន្តរជាតិ រួមជាមួយនឹងសេរីភាពនៃការធ្វើនាវាចរណ៍។ នេះគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ម្ចាស់នាវា។
សេចក្ដីថ្លែងការណ៍ដដែល បានបន្ថែមថា ទីក្រុងមូស្គូ មានការព្រួយបារម្ភ និងខកចិត្តចំពោះទង្វើរបស់ទីក្រុងវ៉ាស៊ីនតោន ដែលបង្កឱ្យមានវិបត្តិអន្តរជាតិ រួមទាំងទំនាក់ទំនងរវាងរុស្ស៊ី-សហរដ្ឋអាមេរិក ដែលប៉ះទង្គិចយ៉ាងខ្លាំងរួចទៅហើយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

ទន្ទឹមនោះ ក្រសួង ក៏បានបញ្ជាក់បន្ថែម ឧប្បត្តិហេតុដែលពាក់ព័ន្ធនឹងនាវា Marinera នេះអាចនាំឱ្យមានការកើនឡើងបន្ថែមទៀតនៃភាពតានតឹងផ្នែកយោធា និងនយោបាយនៅក្នុងតំបន់អឺរ៉ូ-អាត្លង់ទិក។
គួរបញ្ជាក់ថា កងកម្លាំងអាមេរិក បានរឹបអូសនាវាដឹកប្រេង ២ គ្រឿង ដែលអះអាងថាពាក់ព័ន្ធនឹងវេណេស៊ុយអេឡា ដោយមានបំពាក់ទង់ជាតិរុស្ស៊ី ក្នុងប្រតិបត្តិការនេះផងដែរ ក៏មានការគាំទ្រពីចក្រភពអង់គ្លេសផងដែរ៕

ដោយ៖ ពេជ្រ
